​ខេត្ត​កណ្ដាល​៖ នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​ដឹកនាំ​អាជ្ញាធរ​ក្នុង​មូលដ្ឋាន និង​ប្រតិភូ​សាខា អញ្ជើញ​ចុះ​សំណេះសំណាល សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្ដាល ផ្ដល់ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ចំនួន ២៥៣ គ្រួសារ នៅ​ស្រុក​កណ្ដាលស្ទឹង ក្នុងនោះ ៣៥ គ្រួសារ​មក​ពី​សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​។​

​អំណោយ​ដែល​បាន​ផ្ដល់ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ទាំង ២៥៣ គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ ២០ kg, មី ១ កេស​, ត្រីខ ១ យួរ​, ទឹកបរិសុទ្ធ ១ កេស​, អាកុល​ដប​តូច ១ ដប​, ម៉ាស ១០ បន្ទះ​, និង​ថវិកា ៥ ម៉ឺន​រៀល​។​

​មានប្រសាសន៍​
​ណេះ​សំណាល​នា​ឱកាស​នោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដោយ​ក្ដី​នឹករលឹក និង​ក្តីអាណិតអាសូរ​ជាទីបំផុ​ត​។

​ឯកឧត្តម បន្តថា កាកបាទក្រហមកម្ពុជា ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន សម្ដេច​តែង​គិតគូរ​ជា​និច្ច​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ទូទៅ​នៅ​គ្រប់​ពេលវេលា និង​ថែម​ទាំង​បាន​ណែនាំ​ជាប្រចាំ ដល់​មន្ត្រី​នៅ​ថ្នាក់​មូលដ្ឋាន​ទាំងអស់ ត្រូវ​ពិនិត្យ​មើល​ពី​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ចុះ​សួរសុខទុក្ខ​ដល់​ជន​ងាយ​រងគ្រោះ និង​ជនរងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ ដោយ​មិន​ប្រកាន់​ពូជសាសន៍ សាសនា ឬ​និន្នាការ​នយោបាយ​ឡើយ​។

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់ ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​មាត់ទឹក សូម​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ក្មេងៗ មិន​ត្រូវ​ឱ្យ​ពួកគាត់​លេង​ទឹក ដែល​អាច​នាំអោយ​មាន​គ្រោះ​ថ្នាក់​ណាមួយ​កើតឡើង​ជា​យថាហេតុ ពិសេស​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​សត្វ​អា​សេរ​ពិស នឹង​ត្រូវ​ហូប​ស្អាត ផឹក​ស្អាត ប្រកបដោយ​អនាម័យ​ខ្ពស់​។ ជាងនេះទៅទៀត ឯកឧត្តម ក៏​បាន​ស្នើ​ដល់​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ខិតខំ​យកចិត្តទុកដាក់ រក្សា​នូវ​សន្តិសុខ សុវត្ថិភាព ចំពោះ​ប្រជាពលរដ្ឋ​ដែល​បាន​មក​រស់នៅ​លើ​ទីទួល​សុវត្ថិភាព និង​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ជាប់​មាត់ទឹក​ផងដែរ​។​