​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២១​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ ចំនួន​២០​ម៉ឺន​ដូស ជូន​ដល់​រដ្ឋាភិបាល​វៀត​ណា ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​នឹង​ជម្ងឺ​កូវី​ដ​១៩​។

​ពិធី​ប្រគល់ និង​ទទួល​នូវ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩​នេះ បាន​ធ្វើឡើង​នៅ​ព្រំដែន​បាវិត​-​មុក​ប៉ាយ ក្នុង​ខេត្ត​ស្វាយរៀង ដោយ​មាន​ការចូលរួម​ប្រគល់​ដោយ​លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩ ក្របខ័ណ្ឌ​ទូទាំងប្រទេស និង​ជា​តំណាង​របស់​សម្ដេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុង​កំឡុងពេល​នៃ​ការ​រាតត្បាត​ជំងឺ​កូវី​ដ​១៩​នេះ សម្តេច​តេជោ ហ៊ុន សែន ក្នុងនាម​ជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ផ្តល់​នូវ​ជំនួយ​ជា​បន្តបន្ទាប់​ទៅកាន់​ប្រទេស សមាជិក​អាស៊ាន​ជា ដើម្បី​ចូលរួម​ចំណែក​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩​។

​ការផ្ដល់​វ៉ាក់សាំង​របស់​កម្ពុជា​ជូន​ប្រទេស​សមាជិក​អាស៊ាន​នេះ គឺជា​ការបង្ហាញ​នូវ​សមានចិត្ត​មនុស្សធម៌ សប្បុរសធម៌​របស់​ស​ម្តេច​តេជោ ហ៊ុន សែន ចំពោះ​សុខភាព និង​សុខមាលភាព ប្រជាពលរដ្ឋ នៃ​ប្រទេស​ជិត​គ្នា​ដែល​រស់​នៅ​ជាប់​ព្រំដែន​ជាមួយ​គ្នា ក៏ដូចជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់ ជា​ពិសេស​សំដៅ​ការលើកកម្ពស់​ផ្នែក​សុខមាលភាព កាន់តែ​ល្អប្រសើរ​ថែម​ទៀត​សម្រាប់​ប្រជាជន ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​-១៩ ក្នុងនាម​ជា​ប្រទេស​ជិតខាង​ភូមិ​ផង​របង​ជាមួយ​គ្នា​៕