នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ០៧​កើត ខែ​ជេស្ឋ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០២០​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បើក​កិច្ចប្រជុំ​រក​ដំណោះស្រាយ​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ នៅ​រាជធានី​ភ្នំពេញ​ដែល​កំពុងតែ​ប្រឈម​នឹង​ការខ្វះខាត​ស្បៀង ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល នៃ​ជំងឺ​ផ្លូវដង្ហើម ក្រោម​អធិបតីភាព លោកជំទាវ​គតិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា នឹង​អធិការកិច្ច និង​ប្រធាន​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​រាជធានី​ភ្នំពេញ ដោយ​មាន​ការចូលរួម​ពី​សំណាក់​ឯកឧត្ដម លោកជំទាវ ចុះជួយ​ថ្នាក់ជាតិ​តាម​មូលដ្ឋាន​ខណ្ឌ​ទាំង​១៤​ក្នុង​រាជធានី​ភ្នំពេញ​។

​ដោយ​ឃើញ​ពី​ទុក្ខលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​តាម​សហគមន៍ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តាមរយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឧបត្ថម្ភ​អង្ករ​ចំនួន ១០​តោន ក្នុង​មួយ​ខណ្ឌ សរុប ១៤០​តោន ដើម្បី​បង្កលក្ខណៈ​ដល់​អាជ្ញាធរ​មូលដ្ឋាន ចុះ​ធ្វើ​សកម្មភាព​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុង​សហគមន៍ ដែល​កំពុង​ប្រឈម​នឹង​ការខ្វះខាត​ស្បៀងអាហារ​៕