​នៅ​រសៀល​ថ្ងៃ ព្រហស្បតិ៍ ១៥​កើត ខែ​អស្សុជ ឆ្នាំ​ឆ្លូវ ត្រី​សក័ ពុទ្ធ​សករាជ ២៥៦៥ ត្រូវ​និង​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ ក្នុង​កម្មវិធី​បើក “​សន្និសីទ​នគរបាល​អន្តរជាតិ​ឆ្នាំ ២០២១” (International Police Summit 2021) ។​

​កិច្ចប្រជុំ​ខាងលើ​រៀបចំឡើង​ដោយ​ទីភ្នាក់ងារ​នគរបាលជាតិ​កូរ៉េ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង​នគរបាល នៃ​បណ្ដា​ប្រទេស​ចំនួន​៣០ (១៩​ប្រទេស​ចូលរួម​ដោយផ្ទាល់ និង ១១​ប្រទេស​ចូលរួម​តាមរយៈ​អន​ឡា​ញ​) និង​ស្ថាប័ន​អន្តរជាតិ​ចំនួន ០៤ (Interpol, Aseanapol, UN និង IACP) ។​

​សន្និសីទ​ក្នុងឆ្នាំនេះ ត្រូវបាន​រៀបចំឡើង​ជា​វេទិកា​ដល់​ថ្នាក់ដឹកនាំ​នគរបាល នៃ​បណ្ដា​ប្រទេស​ទាំងអស់​ដើម្បី​ពិភាក្សា និង​ចែករំលែក​បទពិសោធន៍​គ្នា​ទៅវិញទៅមក អំពី​បញ្ហា​ប្រឈម ការប្រែប្រួល​ចំពោះ​ការងារ​នគរបាល និង​ដំណោះស្រាយ​ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​ទាំងនោះ ក្នុង​បរិបទ​នៃ​វិបត្តិ​ជំងឺ​រាលត្បាត​សកល​កូវី​ដ​-១៩៕