រាជធានី​ភ្នំពេញ ៖ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន ដឹកនាំ​ដោយ ឯកឧត្តម ថេត អូ​សៀ​ស (Ted Osius) នា​ព្រឹក ថ្ងៃ​អង្គារ ១៣​កើត ខែ​អស្សុជ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២១​នេះ​។​

​ក្នុងជំនួប​នោះ ឯកឧត្តម ថេត អូ​សៀ​ស (Ted Osius) រួមជាមួយ​នឹង​សមាជិក​ក្រុមហ៊ុន​ទាំងអស់​បាន សម្ដែង​នូវ​ការអបអរសាទរ​ចំពោះ​សម្ដេច​តេជោ ហ៊ុន សែន ដែល​បាន​ចាត់វិធានការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ បាន​ជោគជ័យ​។ ឯកឧត្តម ថេត អូ​សៀ​ស (Ted Osius) ក៏​បាន​គោរព ជម្រាបជូន​សម្ដេច​តេជោ នូវ​ចំណាប់អារម្មណ៍​របស់​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន ដែល​មាន​បំណង​ចង់​វិនិយោគ​នៅ​កម្ពុជា លើ​វិស័យ​ថាមពល វិស័យ​ឧស្សាហកម្ម វិស័យ​សុខាភិបាល វិស័យ​បច្ចេកវិទ្យា វិស័យ​ហិរញ្ញវត្ថុ និង​ការនាំចេញ​នាំចូល​។​

​ឯកឧត្តម​ក៏បាន​ជំរាបជូន​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ថា ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន នឹង​គាំទ្រ​កម្ពុជា​នៅពេល​ដែល​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​អាស៊ាន​នៅ​ពេល​ខាងមុខ ក៏ដូចជា​ជួយ​ដល់​កម្ពុជា​លើ​វិស័យសេដ្ឋកិច្ច នៅក្នុង​អំឡុងពេល​នៃ​ការ​រាតត្បាត​នៃ​ជម្ងឺ​កូវី​ដ​១៩ ក៏ដូចជា​ជួយ​កម្ពុជា​ក្នុង​ការកសាង​សមត្ថភាព និង​បញ្ហា​សន្តិសុខ​ថាមពល​ផងដែរ​។​

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បាន​សំដែង​នូវ​ការអបអរសាទរ​ចំពោះ ឯកឧត្តម ថេត អូ​សៀ​ស (Ted Osius) ដែល​ត្រូវបាន​តែងតាំង​ជា​ប្រធាន និង​ជា​អគ្គនាយក​ប្រតិបត្តិ​របស់ ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន​។​

​សម្ដេច​តេជោ​ក៏បានថ្លែងអំណរគុ​ណ​ចំពោះ​សហរដ្ឋ​អាមេរិក​ផង​ដែរ ដែល​បាន​ផ្ដល់​វ៉ាក់សាំង​កូវី​ដ​១៩​ដល់​កម្ពុជា ហើយ​សម្ដេច​ក៏​បាន​សម្ដែង​នូវ​សេចក្តី​រីករាយ ដែល​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន បាន​ទទួលស្គាល់​នូវ​ភាពជឿនលឿន​របស់​កម្ពុ​ជា​ក្នុង​ការចាក់​វ៉ាក់សាំង​ជូន​ដល់​ប្រជាពលរដ្ឋ និង​ការទទួលបាន​ផ្លែផ្កា​ជា​វិជ្ជមាន​នេះ​។

​សម្ដេច​តេជោ បាន​ជម្រាបជូន ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន នូវ​ផែនការ​ចូលរួម​ដោះស្រាយ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​របស់​ប្រទេស​កម្ពុជា ក៏​ដូចជា​វិធានការ​ឆ្ពោះ​ទៅ​មុខ​របស់​កម្ពុជា ដែល​រួមមាន បន្ត​គ្រប់គ្រង​ជំងឺ​កូវី​ដ​១៩ ជំរុញ​ការកែទម្រង់​ផ្នែក​ធុរកិច្ច​ឲ្យបាន​កាន់តែ​ប្រសើរ ដើម្បី​ទាក់ទាញ​អ្នកវិនិយោគឲ្យ​បានកា​ន់តែ​ច្រើន ជំរុញ​ការកែទម្រង់​លើ​គ្រប់​វិស័យ និង​ជំរុញ​ការបង្កើន​សកម្មភាព​ធុរកិច្ច និង​លើកទឹកចិត្ត​ឲ្យ​វិស័យ​ឯកជន​ចូលរួម​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​។​

​ជាទី​បញ្ចប់ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ជម្រាបជូន​ដល់​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន នូវ​សក្តានុពល​អំពី​ការវិនិយោគ នៅក្នុង​ប្រទេស​កម្ពុជា ព្រម​ជាមួយ​ការអំពាវនាវ ឲ្យ​វិនិយោគិន​សហរដ្ឋអាមេរិ​ក​ពិចារណា​មក​វិនិយោគ​នៅ​កម្ពុជា​នា​ពេលខាងមុខ​ផងដែរ​៕