​នា​រសៀល ថ្ងៃអាទិត្យ ទី​១៧ ខែតុលា ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខណ្ឌ​ដង្កោ បាន​បន្ត​ចាត់​ឲ្យ​ក្រុមការងារ ដែលមាន លោក​ឧត្ដមសេនីយ៍ត្រី ឈុន ប៊ុន​ទី មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជា​តំណាង នាំយក​អំណោយ​ជា​ស្បៀង​រួមមាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹក​សុទ្ធ ព្រមទាំង​ឱសថ​បុរាណ​ចិន​ព្យាបាល​ក្អក ផ្តាស់​សាយ ក្តៅខ្លួន ឈឺក្បាល ការពារ​សួត ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​១៤​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​ករណី​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ កំពុង​សម្រាក​ព្យាបាល និង​ធ្វើ​ចត្តា​ឡី​ស័កតាម​ផ្ទះរៀងៗ​ខ្លួន​ក្នុង ក្នុង​ភូមិ​ព្រែក​កំពឹស និង​ភូមិ​ស្រីស្នំ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ​។

ក្នុងឱកាស​នោះ លោក​ឧត្ដមសេនីយ៍ត្រី ឈុន ប៊ុន​ទី បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជូន​ចំពោះ ប្រជាពលរដ្ឋ​ដែល​កំពុង​សម្រាក​ព្យាបាល និង​ធ្វើ​ចត្តា​ឡី​ស័កតាម​ផ្ទះ​រៀងខ្លួន​ទាំងអស់ សូម​អត់ធ្មត់​នៅ​ដាច់​ដោយឡែក​បន្ត​មួយ​រយៈ​ទៀត ដើម្បី​ឲ្យ​ប្រាកដថា បាន​ជាសះស្បើយ និង​មាន​សុវត្ថិភាព ជៀស​ឆ្ងាយ​ពី​ជំងឺ​ឆ្លងកូវី​ដ​-១៩ និង​សូម​ចូលរួម​អនុវត្ត​ឲ្យបាន​នូវ​វិធានការ ៣​ការពារ ៣​កុំ របស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​វិធានការ​នានា របស់​ក្រសួង​សុខាភិបាល ក្នុង​ការចូលរួម​បង្កា​ទប់ស្កាត់ កូវី​ដ​-១៩ ផងដែរ​៕