​ខេត្ត​កណ្តាល​៖ អាជ្ញាធរ​ក្រុង​-​ស្រុក ដែល​ពាក់ព័ន្ធ​តាម​ដង​ទន្លេមេគង្គ ត្រូវ​ពិនិត្យមើល​បញ្ហា​ការបាត់​ស្រុត​ច្រាំងទន្លេ ដែល​បណ្តាល​មកពី​អាជីវកម្ម​បូម​ខ្សាច់​ដែល​មិនមាន​ច្បាប់ និង​មិន​គោរព​តាម​គោល​ការណ៏ណែនាំ​របស់​ក្រសួង​រ៉ែ និង​ថាមពល ។​

​នេះ​ជា​ការលើកឡើង​របស់​ឯកឧត្តម​បណ្ឌិត ម៉ៅ ភិរុណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៩ អាណត្តិ​ទី​៣ តាម​ប្រព័ន្ឋ​វីដេអូ​(Zoom Meeting) ដោយ​មាន​ការចូលរួម​ពី​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត ឯកឧត្តម លោកជំទាវ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម លោកជំទាវ​អភិបាលរង​ខេត្ត និង​បណ្តា​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត ។​

​ឯកឧត្តម​បាន​បន្តទៀតថា​៖​ការបាក់​ច្រាំង​តាម​បណ្តា​ស្រុក ឃុំ​មួយចំនួន ក៏​ដូចជា​ក្នុង​ក្រុង​តាខ្មៅ​ដែរ នៅក្នុង​រដូវ​ទឹក​ដំឡើង និង​ទឹកសម្រក​ខាងមុខនេះ ដែល​ធ្វើអោយ​ប៉ះពាល់​ដល់​លំនៅដ្ឋាន ដី​បង្ករ​បង្កើន​ផល និង​ផ្លូវថ្នល់​សំខាន់ៗ​ក្នុង​ខេត្ត ព្រោះ​បញ្ហា​ច្រាំងទន្លេ​ជា​បញ្ហា​កង្វល់ ហើយ​ឃើញ​នៅ​តាម​ដង​ទន្លេមេគង្គ​មានការ​បាក់​ច្រាំង ការ​ច្រាំង​នេះ​វា​កើត​មក​ពី​ការប្រែប្រួល​ចរន្តទឹក​ដែល​នេះ​ជា​រឿង​មួយ​ដែល​នឹង​កំពុង​ដោះស្រាយ ដែល​រាជរដ្ឋាភិបាល ក្រសួង​រ៉ែ និង​ថាមពល ក្រសួង​ធនធានទឹក និង​ក្រសួង​បរិស្ថាន​កំពុង​យកចិត្តទុកដាក់​លើ​បញ្ហា​បូម​ខ្សាច់ ការបញ្ចៀស​ចរន្តទឹក​ផង ដើម្បី​យក​ធនធាន​រ៉ែ​នេះ​ដើម្បី​អភិវឌ្ឍ​ន៏​ប្រទេសជាតិ ។​

​ឯកឧត្តម​បណ្ឌិត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បានបញ្ជាក់​ថា​៖ បន្ទាប់ពី​មាន​ការ​ស្រក​ចុះ​នូវ​ទឹកទន្លេ ព្រែក អាច​បណ្ដាលឱ្យ​មាន​ការ​បាក់​ច្រាំង ដែល​ជា​កត្តា​ធម្មជាតិ ក៏​ប៉ុន្តែ​ក៏​មាន​កត្តា​មួយចំនួន ដែល​ជា​បញ្ហា​ប្រឈម​បណ្ដាល​ឱ្យ​មាន​ការបាក់​ច្រាំង និង​ធ្វើឱ្យ​រំខាន​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ដូចជា ការ​បូម​ខ្សាច់​ខុស​ទីតាំង​ដែល​បានកំណត់ និង​កាបូប​ហួស​ម៉ោង​ដែល​ច្បាប់​បាន​កំណត់​ផងដែរ ដូច្នេះ​អាជ្ញាធរ​ពាក់ព័ន្ធ ពិសេស​មន្ទីរ​រ៉ែ និង​ថាមពល និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​សហការ​គ្នា​បញ្ចប់​នូវ​សកម្មភាព ទាំងនេះ​ឱ្យ​បាន ដើម្បី​កាត់បន្ថយ​នូវ​ការបាក់​ច្រាំង និង​ការរំខាន​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ ។​

​ក្នុង​កិច្ចប្រជុំ​នេះដែរ ឯកឧត្តម​បណ្ឌិត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ដល់​អាជ្ញាធរ​មូលដ្ឋាន ដែល​បាន​ខិតខំ​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ និង​បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការបង្ការ ការពារ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន បាន​យ៉ាង​ល្អប្រសើរ ក្នុងអំឡុងពេល​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​កន្លងមកនេះ​៕