ខេត្ត​កណ្តាល​៖ រសៀល​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល បាន​ដឹកនាំ​ក្រុមការងារ និង​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​នីវ៉ូទឹក​នៅ​តំបន់​ទំនប់​៥៤ គឺ​ស្ថានភាព​ទឹក​មាន​ការ​ស្រក​ចុះ​បាន​ចំនួន​០,២​ម៉ែត្រ (២​តឹក​) បន្ទាប់​ពី​ក្រុមការងារ​ជំនាញ​ពាក់ព័ន្ធ​បាន​ជីក កាយ​ប្រឡាយ​ចំនួន ០៤​ទីតាំង ក្នុងនោះ​នៅ​ប្រឡាយ​មេ​៩៦ ទំហំ​៣៥​ម៉ែត្រ ចំនួន​១​ទីតាំង និង​នៅ​ចំនុច​ទំនប់​៥៤ ចំនួន​៣​ទីតាំង ទំហំ​៤០​ម៉ែត្រ ដើម្បី​ជួយ​សម្រួល​ចរន្តទឹក​ហូរ​រំដោះ​ទឹក​ចេញពី​ភូមិ​ព្រែក​រាំង​១ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ បង្ហូរ​ទៅ​បឹង​៥០០(​បឹង​ជើង​លោ​ង​) ដើម្បី​បញ្ជៀ​សការ​ជន់​លិច លំនៅដ្ឋាន និង​ផលដំណាំ​ប្រជាពលរដ្ឋ នៅ​តំបន់​មួយចំនួន នៅ​សង្កាត់​កំពង់​សំណាញ់ និង​សង្កាត់​ព្រែក​ហូរ នៃ​ក្រុង​តាខ្មៅ​។​

ឯកឧត្តម អភិបាលខេត្ត​បាន​ណែនាំ​ដល់​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ត្រូវ​តាមដាន និង​ពិនិត្យ​កម្ពស់​ទឹក​ឱ្យ​បាន​ជាប់លាប់ និង​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រៀម​លក្ខណៈ​អោយ​បាន​គ្រប់ពេលវេលា​។​

ក្នុងឱកាស​នោះ​ឯកឧត្តម អភិបាល​ខេត្ត​ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​បង្កើន​ការយកចិត្ត​ទុកដាក់​និង​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតឡើង​ជា​យថាហេតុ ព្រមទាំង​ចូលរួម​សហការ និង​ផ្តល់​ព័ត៌មាន​ជូន​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​នៅ​ជិត​បំផុត ដើម្បី​ជួយ​អន្តរាគមន៍​បាន​ទាន់ពេលវេលា​៕