​នៅក្នុង​ហ្វេ​សប៊ុក​ផេ​ខ នា​ថ្ងៃ​ទី ០៦ ខែ​តុលា​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រគល់​ការងារ ជូន​ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ សិក្សា​អំពី​ការរៀបចំ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ពាក់ព័ន្ធ ដើម្បី​កំណត់​ឱ្យ​នាយករដ្ឋមន្ត្រី​ប្រធានរដ្ឋសភា​ប្រធាន​ព្រឹទ្ធសភា​និង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ មាន​សញ្ជាតិ​ខ្មែរ​តែមួយ ។​

​សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា ៖ ដើម្បី​បង្ហាញ​នូវ​ការស្មោះត្រង់​ចំពោះ​ជាតិ​និង បញ្ចៀស​នូវ​ការជ្រៀតជ្រែក​ពី​បរទេស ថ្នាក់ដឹកនាំ​ជាតិ ដែល​កាន់​តួនាទី​ជា​ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវ​មាន​សញ្ជាតិ ខ្មែរ​តែ​មួយ​។​

​ខ្ញុំ​បាន​ប្រគល់​ការងារ​ជូន​ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​សិក្សា​រៀបចំ​ធ្វើ​សេចក្តីព្រាងច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ឬ​សេចក្តីព្រាងច្បាប់​អង្គការ​ដែល​ចេញពី​រាជរដ្ឋាភិបាល​ឬ​ជា​សេចក្តីស្នើច្បាប់​ដែល​ចេញពី​ព្រឹទ្ធសភា​និង​រដ្ឋសភា​។​

​បើ​លេង​កុំ​ខឹង​បើ​ខឹង​កុំ​លេង ព្រោះ​ទ្វារ​ត្រូវ​បាន​បិទ​ជា​រៀងរហូត​ហើយ​សម្រាប់​ពួក​សញ្ជាតិ​ពីរ ដែល​ប៉ុនប៉ង​កាន់​តំណែង​កំពូល​នេះ​ពិសេស​តំណែង​នាយករដ្ឋមន្ត្រី ព្រោះថា វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ក្តី ឬ​ច្បាប់​អង្គការ​ក្តី ត្រូវការ​សម្លេង ២ ភាគ ៣ ទើប​អាច​អនុម័ត​បាន ៕