ខេត្ត​កំពង់ចាម ៖ នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​២៥ ខែ​ឧសភា ឆ្នាំ​២០២០ លោកជំទាវ ប៉ាង ដា​នី អភិបាលរង​ខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ជួប​សំណេះសំណាល និង​ចែក​អំណោយ​មនុស្សធម៌​ជូន​បងប្អូន​ពលករ ពលកា​រី​នី​ដែល​ត្រឡប់​មកពី​បរទេស នៅ​បណ្ដា​ភូមិ​ក្នុង​ឃុំ​ព្រែក​កក់ ស្រុក​ស្ទឹងត្រង់ ចំនួន​២០​គ្រួសារ​។

​ដោយ​មាន​ការចូលរួម​ពី​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវ​:​ខេត្ត​, មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​និតិ​សម្បទា​ខេត្ត តំណាង​អង្គការ (ILO) អាជ្ញាធរ​ស្រុក​ស្ទឹងត្រង់ និង​ឃុំ​ព្រែកកក់​។​

​ក្នុងឱកាស​នោះ​លោកជំទាវ បាន​ពាំនាំ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ដែល​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​បងប្អូន​ពលក​រ ពលកា​រី​នី​ដែល​ទើបនឹង​ត្រឡប់មក​ពី​បរទេស​ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​នៃ​ជម្ងឺ​កូវី​ដ​១៩​។

​លោកជំទាវ បាន​ណែនាំ​ដល់​បងប្អូន មិន​ត្រូវ​ធ្វើ​ចំណាកស្រុក​ដោយ​ខុស​ច្បាស់​, ការធ្វើ​ចំណាកស្រុក​ដោយ​ស្របច្បាប់ នឹង​ទទួលបាន​អត្ថប្រយោជន៍​ស្របច្បាប់ កាត់បន្ថយ​ហានិភ័យ​ផ្សេងៗ​។ ជាមួយគ្នានេះ លោកជំទាវ បាន​អំពាវនាវ​ដល់​បងប្អូន​ទាំងអស់ឲ្យ​មាន​ការប្រុ​ង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ជម្ងឺ​ដ៏​កាច​សាហាវ​នេះ និង​ចូលរួម​ទាំងអស់គ្នា​ក្នុង​ការបង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជម្ងឺ​កូវី​ដ​១៩ ដោយ​ត្រូវ​អនុវត្តន៍​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ដោយ​លាង​សំ​អាតដែ ប្រើប្រាស់​ម៉ាស់ ឬ​ក្រ​ម៉ា​ឲ្យបាន​ត្រឹមត្រូវ និង​ថែរក្សា​សុខភាព អនាម័យ និង​គម្លាត​សុវត្ថិភាព​ជា​ចាំបាច់​។

​សម្រាប់​បងប្អូន​ដែល​ទើប​នឹង​ត្រឡប់​មកពី​បរទេស​ត្រូវ​ដាក់ខ្លួន​ឲ្យនៅ​ដាច់ដោយឡែក​ពី​ក្រុមគ្រួសារ​រយៈពេល​១​ថ្ងៃ និង​ត្រូវ​តាមដាន​សុខភាព​ជា​ប្រចាំ​បើ​មាន​ករណី​សង្ស័យ​ត្រូវ​ទៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​ផ្ទះ​។​

​គួរ​បញ្ជាក់​ដែលថា ដោយ​សហការ​ជាមួយ​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវ​:​ខេត្ត អង្ក​ការ (ILO) បាន​ផ្តល់​អំណោយ​មនុស្សធម៌​ជូន​ដល់​ប្រជាពលរដ្ឋ ពិសេស ពលករ ពលកា​រី​នី ដែល​ទើបនឹង​ត្រឡប់មក​ពី​បរទេស ចំនួន​៣០​គ្រួសារ​ដោយ​ក្នុង​០១​គ្រួសារ​រួមមាន​អង្ករ​២០​គី​ឡូ ទឹកស៊ីអ៊ីវ ១​យួរ ប្រេង​ឆា​១​ដប ត្រីខ​១​យួរ សាប៊ូ​៤​ដុំ ក្រមា ០១ អាវ​កូនក្មេង ១​កំ​ផ្លេ និង​ថវិកា ៤០,០០០​រៀល​៕