ភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ១១​កើត ខែ​ភទ្របទ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២១ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ប្រកាស​បើក​យុទ្ធនាការ​ថ្មី​មួយទៀត គឺ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ ជូន​ដល់​កុមារ​អាយុ​ចាប់ពី ៦​ឆ្នាំ ដល់ ១២​ឆ្នាំ ដែល​ធ្វើឡើង​នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ​។

​ជាមួយនឹង​ការប្រកាស​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​កុមារ​អាយុ​ចន្លោះ​ពី ៦​ឆ្នាំ ទៅ​១២​ឆ្នាំនេះ ចៅៗ​របស់​សម្តេច​តេជោ និង​ចៅៗ​របស់​ឥស្សរជន​ជាន់ខ្ពស់ រាជរដ្ឋាភិបាល​កម្ពុជា​មួយចំនួនទៀត នឹង​ត្រូវ​មក​ទទួល​វ៉ាក់សាំង​បើក​យុទ្ធនាការ​នេះ​ផងដែរ​។

​ពាក់ព័ន្ធ​ការចាក់​វ៉ាក់សាំង​ជូន​ដល់​កុមារ​អាយុ​ចន្លោះ​ពី ៦​ឆ្នាំ ទៅ ១២​ឆ្នាំនេះ គឺ​ដើម្បី​បង្កើត​ភាព​សាំ​ក្នុងសង្គម​ឱ្យ​កាន់តែ​ធំ​ដែល​អាច​ឈាន​ទៅ​បើក​លំហរ​សកម្មភាព​ក្នុងសង្គម ឱ្យ​កាន់តែ​ទូលាយ បន្ថែម​ពីលើ​នេះ​គោលដៅ​សំខាន់​ក្នុង​ការចាក់​វ៉ាក់សាំង​នេះ ដើម្បី​ឱ្យ​កុមារ​តូចៗ​អាច​ចូល​រៀន​នៅ​សាលា​ឡើងវិញ​៕