​ភ្នំពេញ ៖ មន្ត្រី​ជំនាញ​ក្រសួង​ព័ត៌មាន ក្រោម​កិច្ចសហការ​ជាមួយ​ក្រសួង​មហាផ្ទៃ ក្រសួង​ប្រៃសណីយ៍ និង​ក្រុមហ៊ុន​ហ្វេ​សប៊ុក នឹង​ឈានទៅរក​ការបិទ​ទំព័រ​ហ្វេ​សប៊ុក ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ជុំវិញ​ករណី វីរុស​កូរ៉ូណា និង​ព័ត៌មាន​ក្លែងក្លាយ ផ្សេងទៀត ដែល​បង្ក​ផលប៉ះពាល់​ជា​អវិជ្ជមាន​ដល់​សង្គមជាតិ​។​

​ក្រសួង​ព័ត៌មាន​កំពុង​បំពេញ​កិច្ចការ​យ៉ាង​មមាញឹក ក្នុង​ការតាមដាន និង​កំណត់​រាល់​វេបសាយ និង​ទំព័រ​ហ្វេ​សប៊ុក ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ ជុំវិញ​ករណី​វីរុស​កូរ៉​ណា ធ្វើឱ្យ​ប្រជា​ពលរដ្ឋ​កាន់តែ​មាន​កា​រ​ភិតភ័យ​។​

​វិធានការ​នេះ ធ្វើឡើង​គ្រប់​វេបសាយ និង​ទំព័រ​ហ្វេ​សប៊ុក​ព័ត៌មាន ដែល​បាន​ចុះបញ្ជី​ជាមួយ​ក្រសួង​ព័ត៌មាន និង​មិន​បាន​ចុះបញ្ជី ដោយ​មាន​ចំណាត់ការ​ផ្សេងៗ​គ្នា ពី​ក្រសួង​ដៃគូ រួម​មាន​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ប្រៃសណីយ៍ រួមទាំង មាន​ចំណាត់ការ​ពី​ក្រុមហ៊ុន ហ្វេ​សប៊ុក​ផងដែរ​។ ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន ហ្វេ​សប៊ុក នឹង​ធ្វើ​ការលុបចោល​នូវ​ទំព័រ​ហ្វេ​សប៊ុក នោះ ក្នុង​ករណី​នៅ​តែ​ប្រព្រឹត្តិ​ខុស​ក្នុង​ផ្សព្វផ្សាយ​គ្រប់​ព័ត៌មាន​ក្លែងក្លាយ នេះ​បើ​តាម​ការលើកឡើង​បញ្ជាក់​ពី ឯកឧត្តម ផុស សុវណ្ណ ជា​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ នៃ​ក្រសួង​ព័ត៌មាន​។​

​ឯកឧត្តម ផុស សុវណ្ណ បានបញ្ជាក់​ថា គិត​មក​ត្រឹម​ពេល​នេះ​ក្រសួង​បាន​រកឃើញ នូវ​វេបសាយ ក៏ដូចជា ទំព័រ​ហ្វេ​សប៊ុក​ព័ត៌មាន មិន​ក្រោម ៥០ នោះទេ ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ជុំវិញ​ករណី វីរុស​កូរ៉ូណា​នេះ​។ ក្រសួង​ក៏​នឹង​ពិភាក្សា​បន្ថែម​ជា​អ្នកសារព័ត៌មាន​វិជ្ជាជីវៈ អ្នកច្បាប់ បន្ថែម​មុននឹង​ចេញ​សេចក្ដីជូនដំណឹង​បន្ថែម​ជុំវិញ​ករណី​នេះ​។​

​គិត​មក​ត្រឹម​ថ្ងៃទី ៤ ខែ​កុម្ភៈ​ឆ្នាំ ២០២០​នេះ កម្ពុជា​ទើបតែ​មាន​ការរកឃើញ មួយ​ករណី​ប៉ុណ្ណោះ​ដែល​ផ្ទុក​នូវ​វីរុស​កូរ៉ូណា ហើយ​ករណី​នេះ គឺ​កើតឡើង​ជនជាតិ​ចិន ដែល​ធ្វើដំណើរ​មកពី​ខេត្ត អ៊ូ​ហាន​ប្រទេស​ចិន ចូល​មក​ខេត្ត​ព្រះសីហនុ​៕