ខេត្ត​កណ្តាល​៖ ថ្លែង​នៅក្នុង​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​កណ្ដាល ប្រចាំ​ខែ​សីហា​កាលពី​រសៀល​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០២១ តាម​ប្រព័ន្ធ​អន​ឡាញ Zoom ជាមួយ​ឯកឧត្តម លោកជំទាវ អភិបាលរង​ខេត្ត មន្ទីរ​ជុំវិញ​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​សម្រេច​បើក​សាលារៀន​មួយចំនួន​ឡើងវិញ នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា​ខាង​មុខ​នេះ​។​

​ឯកឧត្តម​អភិបាល​បានបញ្ជាក់​ថា ការបើក​សាលារៀន​ឡើងវិញ​នេះ​គឺ​ធ្វើឡើង​បន្ទាប់​ពី​មន្ត្រី​ជំនាញ អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ថ្នាក់ ព្រមទាំង​មាតាបិតា​សិស្ស និង​លោកគ្រូ អ្នកគ្រូ​បាន​ប្រជុំ​ពិភាក្សាគ្នា និង​ចុះ​វាយតម្លៃ​ផ្ទាល់​តាម​គោលដៅ​ជា​ច្រើនលើក​ច្រើនសា ទើប​ក្រុមការងារ មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ជ្រើសរើស​យក​តំបន់​ដែល​មាន​ហានិភ័យ​ទាប​ពី​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ទាំង​១១​ក្រុង​-​ស្រុក ដើម្បី​បើក​សាលារៀន​ឡើងវិញ សំដៅ​ពង្រឹងសមត្ថភាព​របស់​សិស្សានុសិស្ស​ដែល​មិន​បាន​រៀន​ផ្ទាល់​នៅ​សាលា​អស់​រយៈពេល​ជាង ២​ឆ្នាំនេះ​។​

​កិច្ចប្រជុំ​នេះ​ដែរ​ឯកឧត្តម​អភិបាលខេត្ត បាន​ស្នើឲ្យ​អាជ្ញាធរ​ក្រុង​-​ស្រុក និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​រៀបចំ​បោះ​សំអាត​បន្ទប់រៀន និង​បរិស្ថាន​ជុំវិញ​សាលារៀន​អោយបាន​ស្អាត​មាន​អនាម័យ ដើម្បី​ត្រៀម​ទទួល​សិស្សានុសិស្ស​ដែល​ត្រូវ​មក​ចូល​រៀន ជា​ពិសេស​អាជ្ញាធរ​និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​រៀបចំ​គណៈកម្មការ​គ្រប់គ្រង​សាលា​ឲ្យបាន​ល្អ​ប្រសើរ ធ្វើយ៉ាងណា​កុំឲ្យ​មាន​ការផ្ទុះ​ជំងឺ​កូវី​ដ​-១៩ ក្នុង​សាលា​នៅ​មូលដ្ឋាន​ខ្លួន ដែល​អាច​ឈានទៅដល់​ការបិទ​សាលា​វិញ​។​