កាលពី​ថ្ងៃអាទិត្យ ៣​កើត ខែ​ជេស្ឋ ឆ្នាំ​ជូត ទោ ស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០២០ តាម​ផ្លូវ​ទៅ​កាន់​ក្រុមហ៊ុន Greenrich ដែល​ជា​ទិសដៅ​ចុងក្រោយ​នៃ​កម្មវិធី​បេសកកម្ម​ចុង​សប្តាហ៍​របស់​ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ឋា​ប្រមាញ់ និង​នេសាទ និង​លោកជំទាវ​អភិបាល​នៃ​គណៈ​អភិ បាល​ខេត្ត​កោះកុង រួម​ជាមួយ​សហការី​បាន​អញ្ជើញ​មក​ពិនិត្យ​មណ្ឌល​ចិញ្ចឹម​អណ្តើក​សរសៃ (​អណ្តើក​ហ្លូង​) របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (Wildlife Conservation Society,WCS) នៅ​ភូមិ​ទួល​គគី ឃុំ​ទួល​គគី ស្រុក​មណ្ឌល​សី​ម៉ា ខេត្ត​កោះកុង​។​

​លោក អិត ហ៊ុល អ្នកបច្ចេកទេស បាន​មានប្រសាសន៍ថា មណ្ឌល​នេះ គឺជា​គម្រោង​មួយ​សហការ​ជាមួយ​រដ្ឋបាល​ជលផល ប្រមូល​អណ្តើក​មក​ចិញ្ចឹម បង្កាត់​ពូជ និង​អភិរក្ស​។ គម្រោង​នេះ​ចាប់​ដំណើរការ​ក្នុង​ឆ្នាំ​២០០១ ដោយ​ទទួល​បាន​ការ​ឧបត្ថម​ថវិកា និង​បច្ចេកទេស​ពី​អង្គការ WCS និង​បាន​ធ្វើការ​វិវឌ្ឍន៍​ជា​បន្តបន្ទាប់ បច្ចុប្បន្ន​កសិដ្ឋាន​មាន​មេបា​ពូជ​ចំនួន ២០៤​ក្បាល​។​

​លោក អិត ហ៊ុល បញ្ជាក់​បន្តថា អណ្តើក​ហ្លូង​នេះ ជា​ប្រភេទ​សត្វ​មាន​ដោយ​កម្រ និង​ជិត​ផុត​ពូជ (​គ្រប់គ្រង​ដោយ​អនុសញ្ញា​សាយ​តេស្ត យ៉ាង​ម៉ឺងម៉ាត់ ហាម​ធ្វើ​ការជួញដូរ​) បច្ចុប្បន្ន​មាន​តែ​នៅក្នុង​ខេត្ត​កោះកុង ហើយ​នៅ​លើ​ពិភពលោក​មាន​តែ​នៅ​ប្រទេស​ឥណ្ឌា ម៉ាឡេស៊ី បង់​ក្លា​ដែស និង​កម្ពុជា ហើយ​មាន​តែ​នៅ​ខេត្ត​កោះកុង​ដែល​មាន​លក្ខណ​:​បរិស្ថាន ធម្មជាតិ​ទឹក ចំណី និង​ខ្សាច់​ពង​កូន ល្អ​ប្រសើរ​សម្រាប់​សត្វ​នេះ​រស់នៅ​បន្ត​ពូជ​បាន​។ រហូតមក​ទល់​បច្ចុប្បន្ន​កសិដ្ឋាន​ភ្ញាស់​កូន​បាន ៤៥៦​ក្បាល ថែរក្សា​ក្នុង​មណ្ឌល​អភិរក្ស ២០៤​ក្បាល ចិញ្ចឹម​ថែរក្សា​ក្នុង​មណ្ឌល​ខេត្តសៀមរាប ២៧​ក្បាល លែង​ចូលក្នុង​ព្រែក​ធម្មជាតិ​ដោយ​បំពាក់​ឧបករណ៍​តាមដាន​ចំនួន ៨៦​ក្បាល និង​ចំនួន ១៣៩​ក្បាល​ទៀត បាន​លែង​ចូល​តាម​បឹង ព្រែក​ធម្មជាតិ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី និង​លោកជំទាវ​អភិបាលខេត្ត បាន​សម្តែង​នូវ​ការគាំទ្រ និង​លើកទឹកចិត្ត​ដល់​សកម្មភាព​អភិរក្ស​សត្វ​អណ្តើក​ហ្លួង ដែល​ជា​សត្វ​មាន​ដោយ​កម្រ និង​ជិត​ផុត​ពូជ និង​ជា​ពិសេស ជា​សត្វ​ប្រចាំ​ភូមិសាស្ត្រ​នៃ​ដឹក​ដី​ខេត្ត​កោះកុង​។ ឯកឧត្តម សុំ​ឱ្យ​រដ្ឋបាល​ជលផល និង​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​បញ្ជូន​មន្ត្រី និង​និស្សិត​មក​សិក្សា​ស្រាវជ្រាវ ដកស្រង់​បទពិសោធន៍​ក្នុង​បំណង​លើកកម្ពស់​សមត្ថភាព​ការងារ​ស្រាវជ្រាវ បង្កាត់​ពូជ ចំណី ក្សេត្រ​បរិស្ថាន​នៃ​ជីវិត​រស់នៅ និង​អភិរក្ស ដើម្បី​បង្កើន​ចំនួន​កូន​ញាស់ សម្រាប់​យក​ទៅ​លែង​ក្នុង​បឹង ព្រែក និង​ដៃសមុទ្រ​ធម្មជាតិ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​រដ្ឋបាល​ជលផល សហការ​ជាមួយ​អង្គការ ដើម្បី​រៀបចំ​ចងក្រង​ឯកសារ​ផ្លូវច្បាប់ ក្នុង​បំណង​ការពារ និង​អភិរក្ស​សត្វ​អណ្តើក​ហ្លូង​របស់​យើង​ឱ្យបាន​គង់វង្ស​តរៀង​ទៅ ៕(​ប្រភពៈ​ក្រសួងកសិកម្ម​)