​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​៣១ ខែ​សីហា ឆ្នាំ​២០២១​នេះ វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ ស៊ីណូ​វ៉ាក់ (Sinovac) ចំនួន​២​លាន​ដូស​បន្ថែម​ទៀត​បាន​ដឹក​មក​ដល់​ប្រទេស​កម្ពុជា​យើង​ហើយ​ដើម្បី​បម្រើ​ដល់​ដំណើរការ​ចាក់ដូស​ជំរុញ​ជូន​ប្រជាពលរដ្ឋ​។​

​វ៉ាក់សាំង​ស៊ីណូ​វ៉ាក់​(Sinovac)​ដែល​បាន​ដឹក​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃនេះ​គឺជា​វ៉ាក់សាំង​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ទិញ ដើម្បី​យក​មក​បម្រើ​ដល់​ការចាក់ដូស​ជំរុញ​ជូន​ប្រជាពលរដ្ឋ​។ វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ គឺជា​វិធីសាស្ត្រ​ដ៏​ចម្បង​មួយ​សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា បន្ទាប់​ពី​វិធាន​នានា​របស់​ក្រសួង​សុខាភិបាល ដើម្បី​ប្រយុទ្ធប្រឆាំង​ការ​រាតត្បាត​ជំងឺ​កូវី​ដ​១៩​។ រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ បាន​ស្វះស្វែង និង​ប្រឹងប្រែង​ជា​ខ្លាំង​ក្នុង​ការរក​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ ចាក់​ជូន​ប្រជាពលរដ្ឋ​។ មកដល់ពេលនេះ កម្ពុជា មាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ ប្រមាណ ២៥​លាន​ដូស​រួចហើយ​។ វ៉ាក់សាំង​នេះ គឺ​មាន​ទាំង​ជំនួយ​ពី​ប្រទេស​ជា​មិត្ត និង​ការបញ្ជា​ទិញ​របស់​រាជ​រដ្ឋាភិបាល​ពី​ក្រុមហ៊ុន​របស់​ប្រទេស​ចិន​។​

​តាមរយៈ​វត្តមាន​វ៉ាក់សាំង​ដែល​រកបាន​នេះ កម្ពុជា​បាន​ចាក់​ជូន​ប្រជាពលរដ្ឋ​អាយុ​ចាប់ពី ១២​ឆ្នាំ​ឡើង សរុប​ជាង ១០​លាន​នាក់​ហើយ​។ ទន្ទឹម​នឹង​ការចាក់​វ៉ាក់សាំង​ជុំ​ទី​១​ជូន​ប្រជាពលរដ្ឋ​ប្រមាណ ១២​លាន​នាក់ ជិត​រួចរាល់​ហើយ​នោះ កម្ពុជា​ក៏​កំពុង​ដំណើរការ​ចាក់ដូស​ជំរុញ​ជូន​ប្រជាពលរដ្ឋ​ក្រុម​ជួរមុខ ហើយ​ក៏​ត្រៀម​ចាក់ដូស​ជំរុញ​នេះ​ជូន​ប្រជាពលរដ្ឋ​ទូទៅ​ផង​ដែរ​៕