នៅ​រសៀល​ថ្ងៃ អង្គារ ៨​រោច ខែ​ស្រាពណ៍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ពុទ្ធ​សករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃ ទី​៣១ ខែ​សីហា ឆ្នាំ​២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូវី​ដ​-១៩ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្ដាល និង​កិច្ចប្រជុំ​ត្រៀម​បើក​សាលារៀន​ឡើងវិញ ជាមួយរ​រដ្ឋបាល​ស្រុក ក្រុង ទាំង​១១ និង មន្ទីរ​ជំនាញ​ជុំវិញ​ខេត្ត ។​

​ឯកឧត្តម គង់ សោភ័ណ្ឌ បាន​ស្នើ​ដល់​អភិបាលក្រុង​-​ស្រុក​ទាំងអស់ ត្រូវ​ចុះ​ពិនិត្យ​សាលារៀន​ទាំងអស់​នៅក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន ដើម្បី​ត្រៀម​រៀបចំ​ក្នុង​ការបើក​ឱ្យ​ចូលរៀន​ឡើងវិញ​នាពេល​ខាងមុខ​នេះ​។ ដោយ​អនុវត្តន៍​តាម​អនុសាសន៍​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​អភិបាល​រាជធានី​-​ខេត្ត​ត្រូវ​ត្រៀម​រៀបចំ​បើក​សាលារៀន​ឡើងវិញ នៅ​តំបន់​ដែល​គ្មាន​ការឆ្លង និង​មាន​ការឆ្លង​ចំនួន​តិច នៃ​ជំងឺ​កូវី​ដ​-១៩ ។ ដូច្នេះ​អភិបាលក្រុង​-​ស្រុក​ទាំងអស់ ត្រូវ​ចុះ​រៀបចំ​ឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ នៅ​ក្នុង​សាលារៀន​ទាំងអស់ ក្នុង​ភូមិសាស្ត្រ​ក្រុង​-​ស្រុក​របស់​ខ្លួន ពិសេស​កន្លងមក​សាលារៀន​មួយចំនួន ត្រូវបាន​យក​ធ្វើជា​កន្លែង​សម្រាប់​ចត្តា​ឡី​ស័ក និង​ជា​កន្លែង​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូវី​ដ​-១៩ ត្រូវ​រៀបចំ​ឱ្យបាន​ស្អាត​ឡើងវិញ ។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម អភិបាលខេត្ត​កណ្ដាល បាន​ជំរុញ​ដល់​អភិបាលក្រុង​-​ស្រុក និង​មន្ទីរ​ពាក់ព័ន្ធ ត្រូវ​បន្ត​អប់រំ និង​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ ត្រូវ​រៀន​រស់នៅ​តាម​បែប​គន្លង​ថ្មី ដោយ​អនុវត្តន៍​តាម​វិធានការ​របស់​ក្រសួង​សុខាភិបាល ពិសេស​ប្រសាសន៍​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ជា​យ័ន្ត​ដ៏​ស័ក្ដិសិទ្ធិ គឺ​៖ ៣​ការពារ និង ៣​កុំ ឱ្យបាន​គ្រប់ៗ​គ្នា ដើម្បី​រួម​គ្នា​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូវី​ដ​-១៩ ពិសេស​មេរោគ​បំប្លែង​ថ្មី​ដែល​តា (Delta) ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។ ទន្ទឹមនឹងនោះ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ជំរុញ​ការចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​គ្រប់ៗ​គ្នា​ផង​ដែរ ៕