ភ្នំពេញ ៖ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចេញ​សេចក្តីសម្រេច​កែសម្រួល​ស​មាស​ភាព​ក្រុមការងារ ប្រមូល​ព័ត៌មាន ស្រាវជ្រាវ​ស៊ើបអង្កេត​ករណី​ជម្លោះ​ដីធ្លី និង​បង្ការ​ទប់ស្កាត់​-​បង្ក្រាប ការទន្ទ្រាន​កាន់កាប់​ដី​របស់​រដ្ឋ​ដោយ​ខុសច្បាប់ កាលពី​ចុង​សប្តាហ៍​នេះ​ ។​

​យោង​តាម​សេចក្តីសម្រេច ត្រូវបាន​កែសម្រួល​សមាសភាព​ក្រុម​ការងារ​ប្រមូល​ព័ត៌មាន ស្រាវជ្រាវ ស៊ើបអង្កេត​ករណី​ជម្លោះដីធ្លី និង​បង្ការ​ទប់ស្កាត់​-​បង្ក្រាប​ការទន្ទ្រាន កាន់កាប់​ដី​របស់​រដ្ឋ ដោយ​ខុសច្បាប់ នៅតាម​បណ្តា​ភូមិសាស្ត្រ រាជធានី​-​ខេត្ត ដែល​ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការ​រង​នគរបាល​ជាតិ​ជា​ប្រធាន និង​ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការ​រង​នគរបាលជាតិ ជា​អនុប្រធាន​ ។​

​ក្រុម​ការងារ​នេះ​មាន​សិទ្ធិ​ប្រើប្រាស់​កម្លាំង​នាយកដ្ឋាន​ជំនាញ​នៃ​ផែន​សន្តិសុខ លើ​ការងារ​នីតិវិធី និង​អន្តរាគមន៍​ក្នុង​ករណី​ចាំបាច់​។ ប្រើប្រាស់​កម្លាំង​ផែន​សន្តិសុខ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត លើ​ការងារ​ប្រមូល​ព័ត៌មាន ស្រាវជ្រាវ ស៊ើបអង្កេត និង នីតិវិធី កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ក្នុង​ដែន​សមត្ថកិច្ច ឬ សហការ​រវាង​ខេត្ត​និង​ខេត្ត ក្នុងករណី​ទីតាំង​ជម្លោះ ឬ​តំបន់​កាន់កាប់ ស្ថិតនៅក្នុង​ដែន​សមត្ថកិច្ច​ខេត្ត​ពីរ ឬ​ច្រើន​។ ប្រើប្រាស់​កម្លាំង​ស្នាក់ការ​ចារកម្ម​គ្រប់​រាជធានី​-​ខេត្ត លើ​ការងារ​ប្រមូល​ព័ត៌មាន ស្រាវជ្រាវ និង​កសាង​មុខសញ្ញា​ក្នុង​មូលដ្ឋាន​។ ស្នើសុំ​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​នាយកដ្ឋាន​អង្គភាព ចំណុះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​បណ្ដា​ស្ថាប័នរដ្ឋ​ពាក់ព័ន្ធ ក្នុង​ករណី​ចាំបាច់ ឬ​ករណី​រកឃើញ​បទល្មើស​ផ្សេងទៀត ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ដីធ្លី ដែល​បាន​ចុះ ស្រាវជ្រាវ និង​កសាង​សំណុំរឿង​លើ​ករណី​ជម្លោះ​ដីធ្លី និង​ការទន្ទ្រាន​កាន់កាប់​ដី​របស់​រដ្ឋ​ដោយ​ខុសច្បាប់ បញ្ជូនទៅ​តុលាការ​ ។​

​ក្រុម​ការងារ​នេះ​មាន​ភារកិច្ច ប្រមូល​ព័ត៌មាន​អំពី​សកម្មភាព​ញុះញង់ ឧបត្ថម្ភ គាំទ្រ​ដល់​ការបង្កើត​ឱ្យមាន​ការតវ៉ា ទាមទារ ឬ ប្រើប្រាស់ ល្បិចកល​អុជអាល​ឱ្យ​មាន​ជម្លោះ​ដីធ្លី ឬ​ក៏​ធ្វើ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី​របស់​រដ្ឋ​ដោយ​ខុសច្បាប់ ដែល​បង្ក​ចលាចល​នៅ​តាម​បណ្តា ភូមិសាស្ត្រ​រាជធានី​-​ខេត្ត​។ កំណត់​មុខសញ្ញា​សកម្មជន​ដីធ្លី​ពាក់ព័ន្ធ​នឹង​សកម្មភាព​បទល្មើស ដើម្បី​បង្ការ​ទប់ស្កាត់ និង បង្ក្រាប​កុំឱ្យ​បទល្មើស ដដែល​កើតឡើង​សារជាថ្មី​។ តម្លើង​បញ្ជី​ករណី​រឿង​ដើម្បី​កំណត់​វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​ឱ្យបាន​ទាន់​ពេលវេលា​។ វាយតម្លៃ​ករណី​រឿង និង​ស្នើសុំ​គោលការណ៍​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដើម្បី​បើក​ការស៊ើបអង្កេត ស្រាវជ្រាវ​ប្រមូល​ភស្តុតាង តម្លើង​បញ្ជី​មុខសញ្ញា និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី​។ បូកសរុប​លទ្ធផល​កិច្ចប្រតិបត្តិការ​ប្រចាំខែ រាយការណ៍ ជូន​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។ អនុវត្ត​ភារកិច្ច​ផ្សេងៗ​តាម​គោលការណ៍ និង​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​៕