ខេត្ត​កណ្ដាល​៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​សម្ដែង​នូវ​ការស្វាគមន៍ ចំពោះ លោក​បណ្ឌិត ញ៉ សា​ញ្ញេ អនុប្រធាន​សកលវិទ្យា​ល័យ​កម្ពុជា ព្រមទាំង​សហការី និង​បាន​ផ្ដល់​ជា​ថវិកា​ដល់​សកលវិទ្យា​ល័យ​កម្ពុជា ដើម្បីអោយ និសិត្ស​ទទួលបាន​នូវ​អាហារូបករណ៍ ក្នុង​ការបន្ត​ការសិក្សា​បន្តទៀត នា​ព្រឹក​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០២១​។

​ឯកឧត្តម​អភិបាលខេត្ត បាន​បញ្ជាក់ទៀតថា យុវជន​នា​ពេលបច្ចុប្បន្ន​នេះ ពិតជា​មាន​សំណាង​ណាស់ ដែល​មាន​ឱកាស ពេញលេញ និង​សម្បូរ​បែប​ទទួលបាន​នូវ​ការសិក្សា អប់រំ​គ្រប់​ទីកន្លែង​ដូច្នេះ​តម្លៃ​នៃ​សន្តិភាព​ដែល​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី សម្រេចបាន​ជូន​ជាតិ​មាតុភូមិ ពិតជា​មាន​សារៈសំខាន់​ណាស់ ដែល​ទាមទារ​ឲ្យ​យុវជន​ជំនាន់ ក្រោយ​ត្រូវ​រួមគ្នា​ការពារ និង​ថែរក្សា​ឲ្យបាន​គង់វង្ស​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​លើកឡើង​ទៀត​ថា ការវិនិយោគ​លើ​ចំណេះដឹង គឺជា​ការវិនិយោគ​ដ៏​ល្អ​បំផុត មាន​ចំណេះដឹង​ពិតប្រាកដ នោះ​មិន​អាច​មាន​កណ្ដៀរ​មក​កោរ រឺ​កណ្តុល​មក​កាត់​បាន​នោះ​ទេ​។​

​លោក​បណ្ឌិត ញ៉ សា​ញ្ញេ អនុប្រធាន​សកលវិទ្យា​ល័យ​កម្ពុជា បាន​ថ្លែងអំណរគុណ ចំពោះ​ការចូលរួម​ជាមួយ​សក​ល​វិទ្យាល័យ​កម្ពុជា ក្នុង​ការផ្ដល់​នូវ​អាហារូបករណ៍​ដល់​សិស្សានុសិស្ស បាន​បន្ត​ការសិក្សា​នៅ​សកល​វិទ្យាល័យ​។​

​លោក​បណ្ឌិត​អនុប្រធាន​សកល​វិទ្យាល័យ បាន​បន្តថា សាកលវិទ្យាល័យ​កម្ពុជា បាន​ទទួល​ការជួយ​ផ្ដល់​ជា​អាហារូបករណ៍​ដល់​សិស្ស​ជា​ច្រើន​ទូទាំង​ប្រទេស ដើម្បី​អោយ​សិស្ស​បាន​ទទួល​ការសិក្សា​បន្ថែម រួម​នឹង​ទទួលបាន​នូវ​ចំណេះដឹង ងាយស្រួល​ក្នុង​អភិវឌ្ឍន៍​ប្រទេសជាតិ និង​បង្កើនបាន​នូវ​ធនធានមនុស្ស​បន្ថែ​ម​សម្រាប់​ប្រទេសជាតិ ។​

​សូមបញ្ជាក់​ថា សាកលវិទ្យាល័យ​កម្ពុជា បាន​ទទួល​ថវិកា​ពី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល ចំនួន ៤០​លាន​រៀល សម្រាប់​ផ្ដល់​ជា​អាហារូបករណ៍​ដល់​សិស្សានុសិស្ស ក្នុង​ការសិក្សា​នៅ​សកល​វិទ្យាល័យ​កម្ពុជា ។​