ខេត្ត​កណ្តាល​៖ ព្រឹក​ថ្ងៃ​ទី ២១ សីហា ឆ្នាំ​២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល អញ្ជើញ​ជា​អធិបតីភាព​ក្នុង ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល និង​ពិធី​គូរ​ផែនទី និង​ចុះបញ្ជីរ​សហគ្រាស ជំរឿន​សេដ្ឋកិច្ច ឆ្នាំ​២០២២ របស់​រដ្ឋបាល​ខេត្ត​កណ្តាល ដែល​រៀបចំ​ដោយ​មន្ទីរ​ផែនការ​ខេត្ត​កណ្ដាល នៅ​សាលាខេត្ត​កណ្ដាល​។

​មានប្រសាសន៍​ក្នុង​ពិធី​បិទ​វគ្គ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​មានប្រសាសន៍ថា ការធ្វើជំរឿន​សេដ្ឋកិច្ច ឆ្នាំ​២០២២​នាពេលនេះ គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​ជា​មូលដ្ឋាន​ឱ្យ រាជរដ្ឋាភិបាល​រៀបចំ​គោលនយោបាយ និង កំណត់​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ខឿន​សេដ្ឋកិច្ច ដើម្បី​ស្ដារ និង ពន្លឿន​ការអភិវឌ្ឍ​ខឿនសេដ្ឋកិច្ច​ជាតិ អោយ​មាន​ការវិវត្តន៍ និង​រីកចំរើន​។ ដូច្នេះ​ការចុះទៅ​អនុវត្ត​នីតិវិធី​គូស ផែនទី និង​ចុះបញ្ជី​សហគ្រាស នៃ​ការធ្វើ​ជំរឿន​សេដ្ឋកិច្ច​ត្រូវធ្វើ​ឱ្យបាន​ច្បាស់លាស់ ប្រសិនបើ​យើង​ធ្វើ​ជំរឿន​មិន​ច្បាស់លាស់ ការកំណត់​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​សេដ​កិច្ច​ក៏​មិន​បាន​ត្រឹមត្រូវ ខាតបង់​ដល់​ជាតិ​ទាំងមូល​ផងដែរ ។​

​ឯកឧត្ដម​អភិបាលខេត្ត បន្តថា ដើម្បី​អោយ​ការងារ​នេះ ទទួលបាន​ជោគជ័យ​តាម​ការគ្រោងទុក សិក្ខាកាម​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ និង​ទទួលខុសត្រូវ​ខ្ពស់ ចំពោះ​តួនាទី ភារកិច្ច​របស់​ខ្លួន ក្នុង​ដំណើរការ​អនុវត្ត ការងារ​គូរផែនទី និង​ការចុះបញ្ជីរ​សហគ្រាស​សេដ្ឋកិច្ច​អោយ​បាន​ត្រឹមត្រូវ​តាម​ការកំណត់​ក្នុង​នីតិវិធី ។ ត្រូវមាន​កិច្ចសហការ​ល្អ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ជា​ពិសេស​មេឃុំ ចៅសង្កាត់​។​

​ទន្ទឹមនឹងនោះ មន្ទីរ​ផែនការ​ខេត្ត ដែលជា​សេនាធិការ​ឱ្យ​រដ្ឋបាល​ខេត្ត ត្រូវ​ជួយ​សម្របសម្រួល​នូវ​រាល់​បញ្ហា អសកម្ម​នានា អោយមាន​ភាពរលូន និង​ទាន់​ពេលវេលា ។ ក្នុងករណី​មាន​បញ្ហា​ដែល​ដោះស្រាយ​មិនបាន ត្រូវ​រាយការណ៍ និង​សុំ​យោបល់​បន្ទាន់ ដើម្បី​ឱ្យ​ការងារ​នេះ​សម្រេច​តាម​ផែនការ ។​

​ឯកឧត្ដម​អភិបាលខេត្ត បាន​សំណូមពរ​ដល់​សិក្ខាកាម​ទាំងអស់ នៅ​ពេល​ចុះ​ត្រូវគោរព និង​អនុវត្តន៍​តាម​វិធានការ​របស់​ក្រសួង សុខាភិបាល ពិសេស​ប្រសាសន៍​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេ​នាប​តី ហ៊ុន សន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​យ័ន្ត​ដ៏​ស័ក្ដិសិទ្ធិ គឺ​៖ ៣​ការពារ និង ៣​កុំ ដោយ​ត្រូវ​ធានា ថា ការងារ​ទទួលបាន​ជោគជ័យ ឯ​មន្ត្រី​ក៏​មាន​សុវត្ថិភាព ជៀសផុត​ពី​ជំងឺ​កូវី​ដ​-១៩​ផងដែរ​។​