រាជធានី​ភ្នំពេញ ៖ អនុវត្ត​តាម​បញ្ជា ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការបញ្ជា​ដឹកនាំ​ផ្ទាល់​របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២១ វេលា​ម៉ោង​១៣​និង​៥០​នាទី កម្លាំង​សមត្ថកិច្ច នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​(​ក​៧) ដឹកនាំ​ដោយ លោក​ឧត្តមសេនីយ៍ទោ សឿង ណុល នាយករង​មន្ទីរ និង​មាន​ការចូលរួម​ពី​កម្លាំង​ជំនាញ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ព្រមទាំង​មាន​ការសម្របសម្រួល​ពី​លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ដំណើរការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​បង្ក្រាប លើ​២​គោលដៅ​ផ្សេងគ្នា​ជា​បន្តបន្ទាប់​ដោយ​គោលដៅ​ទី​១-​បណ្តោយ​ផ្លូវជាតិ​លេខ​៦A សង្កាត់​ព្រែកលៀប​ខ័ណ្ឌ ជ្រោយចង្វារ រាជធានី ភ្នំពេញ និង​គោលដៅ​ទី​២-​ផ្ទះ​លេខ​៣២ ផ្លូវ​C ស្ថិតក្នុង​ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​សូមបញ្ជាក់​ថា ក្នុងអំឡុងពេល​កិច្ចប្រតិបត្តិការ​បង្ក្រាប ជនល្មើស​បាន​ធ្វើកា​រត​ដៃ​ដោយ​បាញ់​មក​លើ​កម្លាំង​សមត្ថកិច្ច ដែល​ធ្វើអោយ​សមត្ថកិច្ច​ត្រូវ​បាញ់​តបត ដើម្បី​ការពារ​ខ្លួន​វិញ និង​បាន​ធ្វើអោយ​ជនល្មើស​ទម្លាក់អាវុធ​ប្រគល់​ខ្លួន​អោយ​សមត្ថកិច្ច​។​

​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ប្រកបដោយ​គ្រោះថ្នាក់​ខាងលើនេះ កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់​៖ ១-​ឈ្មោះ គីម តាត់ ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ជនជាតិ ខ្មែរ​, ២-​ឈ្មោះ ប្រាក់ សឺ​ត ភេទ​ប្រុស អាយុ ៥៤​ឆ្នាំ ជនជាតិ ថៃ និង​ចាប់យក​វត្ថុតាង​សារធាតុ​ញៀន​ប្រភេទ​ម៉តំ​ហ្វេ​តា​មីន​(ICE) ចំនួន​២៤​កញ្ចប់​ធំ ទម្ងន់​ប្រមាណ​ជាង​២៤​គីឡូក្រាម​, ប្រភេទ​អ៊ិច​ស្តា​ស៊ី (MDMA) ១៤​កញ្ចប់ ទម្ងន់​ប្រមាណ ៤​គីឡូក្រាម ព្រមទាំង​សម្ភារ​ចាប់​យក​មាន រថយន្ត ៤​គ្រឿង​, ទូរ​សព្ទ័ ៦​គ្រឿង​, អាវុធខ្លី ម៉ាក​រ៉ូឡូ ១​ដើម សំបក​គ្រាប់ ៣​គ្រាប់ និង​គ្រាប់​មិនទាន់​បាញ់ ៣​គ្រាប់​។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ចាប់​យក​ខាងលើ សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​តាម​នីតិវិធី ៕