​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១១​កើត ខែ​ស្រាពណ៍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០២១​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​បន្ត​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ឆ្លង​ខ្លឹមសារ សេចក្តីព្រាង​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល និង​ប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ស្តីពី​ការបង្កើត និង​ការគ្រប់គ្រង ក្រុម​បង្ការ និង​ពន្លត់​អគ្គិភ័យ​កាតព្វកិច្ច និង​ក្រុម​បង្ការ​និង​ពន្លត់​អគ្គិភ័យ ស្ម័គ្រចិត្ត តាមរយៈ​ប្រព័ន្ធ​វីដេអូ​អន​ឡា​ញ​។​

​ក្រោម​ធិបតី​ភាព​សម្ដេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី កិច្ចប្រជុំ​ឆ្លង​នៅ​ថ្ងៃនេះ​បាន​បន្ត​ដល់​ការ​ពិនិត្យ និង​ពិភាក្សា ដើម្បី​ឆ្លង​សេចក្ដីព្រាង​ប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ស្តីពី​ការបង្កើត និង​ការគ្រប់គ្រង ក្រុម​បង្ការ និង​ពន្លត់​អគ្គិភ័យ​កាតព្វកិច្ច និង​ក្រុម​បង្ការ និង​ពន្លត់​អគ្គិភ័យ ស្ម័គ្រចិត្ត ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម​រដ្ឋលេខាធិកា​រ អនុរដ្ឋលេខាធិការ ឯកឧត្តម អគ្គស្នងការ​នគរបាល​ជាតិ អគ្គស្នងការ​រង អគ្គនាយក អគ្គនាយករង និង​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​មួយចំនួនទៀត​។​

​យោង​តាម​សេចក្ដី​ព្រាង​ប្រកាស​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ប្រកាស​នេះ មាន​គោលបំណង កំណត់​អំពី​ការបង្កើត និង​ការគ្រប់គ្រង​ក្រុម​បង្ការ និង​ពន្លត់​អគ្គិភ័យ​កាតព្វកិច្ច​នៅតាម​ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព​របស់​រដ្ឋ គ្រឹះស្ថាន​សាធារណៈ​និង​ឯកជន ដែល​ជា​គោលដៅ​តម្រូវឱ្យ​មាន​ប្លង់​បង្ការ និង​ពន្លត់​អគ្គិភ័យ និង​ក្រុម​បង្ការ និង​ពន្លត់​អគ្គិភ័យ​ស្ម័គ្រចិត្ត​នៅ​តាម​ភូមិ ឃុំ សង្កាត់ ឬ​សហគមន៍​។​
​បន្ទាប់ពី​បាន​ដឹកនាំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បាន​ប្រគល់​ភារកិច្ច​ជូន​ថ្នាក់ដឹកនាំ​ពាក់ព័ន្ធ បន្ត​ការពិភាក្សា​ដើម្បី​រៀបចំ​កែសម្រួល​សេចក្ដីព្រាង ដោយ​មាន​ការពិគ្រោះ​យោបល់​ជាមួយ​ក្រុម​ការងារ​ផ្នែក​ច្បាប់​របស់​ក្រសួង​។

​សម្ដេច​បាន​ណែនាំ​ឱ្យ​រៀបចំ​កែសម្រួល​ជា​ប្រកាស​របស់​ក្រសួងមហាផ្ទៃ ដោយ​មិន​ចាំបាច់​រៀបចំ​ជា​អនុក្រឹត្យ និង​សារាច​រណ៍​ណែនាំ​នោះ​ទេ ប៉ុន្តែ​អាច​ចេញ​វិធានការ​នានា​បន្ថែម​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​បង្ការ និង​ពន្លត់​អគ្គិភ័យ​៕