ក្រោម​ការបញ្ជា​ដឹកនាំ​ពី​លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល សូម​ធ្វើ​ការឆ្លើយតប​ជូន​សាធារណជន និង​គណនី​ហ្វេ​សប៊ុក​ឈ្មោះ Heng Ravuth ដែល​បាន ខ​មិន ក្នុង​ហ្វេ​សប៊ុក​ផេក​ស្នងការដ្ឋាន​នគ​របាល​ខេត្ត​កណ្ដាល កាលពី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២១ មាន​ខ្លឹមសារ​ថា​៖ “​ជួយ​មើល​ប៉ូលីស​គោលដៅ​មុខ​មន្ទីរពេទ្យ​ឃុំ​ពញាឮ​ផង គៀប​យក​លុយ​ឆៅៗ (​បើកឡាន​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព​ជាប់​ខ្លួន​ហើយ ប៉ូលីស​ចោទថា​មិន​បាន​ពាក់ ប្រកែក​យកឈ្នះ​អោយ​បង់លុយ​ផាក​ទាល់តែ​បាន បង់​លុយ​ទាំង​ឈឺចាប់​ផង​”​។​

​ក្រោយពី​ទទួលបាន​ព័ត៌មាន​ខាងលើ​ភ្លាម ដោយ​មាន​ការចង្អុលបង្ហាញ​ពី​ក្រុម​ប្រតិកម្ន​រហ័ស​ខេត្ត លោក​វរសេនីយ៍ឯក ដួង តេង អធិការនគរបាល​ស្រុក​ពញាឮ បាន​បញ្ជា​ឱ្យ​កម្លាំង​ផ្នែក​សណ្ដាប់ធ្នាប់​សាធារណៈ ស្រាវជ្រាវ​បំភ្លឺ​ករណី​ខាងលើ​។​

​ជា​លទ្ធផល​៖ កាលពី​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២១ កម្លាំង​ផ្នែក​សណ្ដាប់ធ្នាប់ និង​ចរាចរណ៍ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ បាន​ឃាត់​រថយន្ត​ម៉ាក TOYOTA CAMRY ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2V-0025 បើកបរ​ដោយ​ឈ្មោះ ហេង ប៊ុន​ទ្រី (​ត្រូវជា​កូន​របស់​ម្ចាស់​គណនី Heng Ravuth) ភេទ​ប្រុស ដែល​បើកបរ​រថយន្ត​មាន​ទិសដៅ​ពី​ត្បូង ទៅ​ជើង​(​ភ្នំពេញ​-​ឧដុង្គ​) មិន​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព ក៏​ត្រូវបាន​កម្លាំង​អង្កេត​មេ​ី​ល​បទល្មើស​ចរាចរណ៍ ដែល​ឈរជើង​នៅ​គោលដៅ​ដើមទី (​មុខ​មណ្ឌល​សុខភាព​ឃុំ​ពញាឮ​) ប្រទះ​ឃើញ​អ្នកបើកបរ​ខាងលើ​មិន​ពាក់​ខ្សែក្រវ៉ាត់ ក៏​ផ្តល់​ព័ត៌មាន​(​បោះ​ដៃ​) តាម​វិទ្យុទាក់ទង​ទៅ​គោលដៅ​ផាកពិន័យ ដើម្បី​ឃាត់​រថយន្ត​។ ខណៈនោះ អ្នក​បេ​ី​កបរ​ឃើញ​នគរបាល​ចរាចរណ៍ ក៏​ស្រ​វ៉ា​ទាញ​ខ្សែក្រវ៉ាត់​សុវត្ថិភាព​មក​ពាក់​។ បន្ទាប់មក​ក៏​ត្រូវបាន​កម្លាំង​ចរាចរណ៍​ឈរជើង​នៅ​គោលដៅ​ផាកពិន័យ ចំណុច​មុខ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ពញាឮ ឃាត់​រថយន្ត​បាន ហើយ​សមត្ថកិច្ច​បាន​និយាយថា​ប្អូន​បើកបរ​មិន​ពាក់​ខ្សែក្រវ៉ាត់ ចំណែក​អ្នកបើកបរ​រថយន្ត​នោះ​បាន​តប​វិញ​ថា​ខ្ញុំ​ពាក់​ខ្សែក្រវ៉ាត់​មក​តាំងពី​ផ្ទះ​។ សមត្ថកិច្ច​ក៏​បាន​អញ្ជេី​ញគាត់​ចុះ​មក​ជួប​អ្នកដោះស្រាយ ពេលនោះ​អ្នកបើកបរ​រថយន្ត​មិន​បាន​និយាយ​ជាមួយ​អ្នកដោះស្រាយ​ទេ​។ ប៉ុន្តែ​គាត់​បាន​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ទៅកាន់​អាណាព្យាបាល​របស់​គាត់ (​អាច​ជា​ម្ចាស់​គណនី​ខាងលើ​)​ថា​៖”​ប៉ា​ខ្ញុំ​ពាក់​ខ្សែក្រវ៉ាត់​តាំងពី​ផ្ទះ ហើយ​គាត់​ក៏​បាន​បិទ​ទូរស័ព្ទ​” និង​បន្ត​ទំនាក់ទំនង​ជា​លើក​ទី​២ នៅពេល​សន្ទនា​តាម​ទូរស័ព្ទ​ចប់ សា​ម៉ី​ខ្លួន​បាន​និយាយ​មក​កាន់​សមត្ថកិច្ច​ថា​សរសេរ​ប័ណ្ណ​ឱ្យ​ខ្ញុំ​មក ចាំ​យក​ទៅ​បង់​នៅ​ស្នងការ (​ដោយ​ស្ម័គ្រចិត្ត គ្មាន​ការគាបសង្កត់ ឬ​បង្ខិតបង្ខំ​យក​ប្រាក់​ពី​កម្លាំង​សមត្ថកិច្ច​ឡេ​ី​យ​)​។​

​ផ្អែក​តាម​ដំណេីរ​រឿង​ខាងលើ​ក្នុងនាម​អធិការដ្ឋានន​គ​របាល​ស្រុក​ពញាឮ សូម​បដិសេធ​ទាំងស្រុង ចំពោះ​ការចោទប្រកាន់​របស់​ម្ចាស់​គ​ណី​ហ្វេស​ប៊ុក​ខាងលើ ដោយសារ​ការចោទប្រកាន់ គឺ​ផ្ទុយ​ពី​ការពិត និង​មាន​លក្ខណៈ​គុំគួន​មក​លើ​សមត្ថកិច្ច​ដែល​បាន​អនុវត្តត្រឹម​ត្រូវទៅ​តាម​តួនាទី ភារកិច្ច និង​ច្បាប់​បានចែង​។​

​អាស្រ័យហេតុនេះ សូម​សាធារណ​ជន ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​មេត្តា​ជ្រាប និង​កុំ​មាន​ការភាន់ច្រឡំ​៕