នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០២១ នេះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត ប្រយុទ្ធ​ប្រឆាំង​ជម្ងឺ​កូវី​ដ ១៩ ឯកឧត្ដម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម អភិបាលរង​ខេត្ត បាន​អញ្ជើញ​ទទួល​អំណោយ​ពី​ព្រះ​សីល​សំវរ ប៊​ត តាំង​ឆេង ព្រះ​នាគ​មុនី​មេគណ​ខេត្ត​កំពង់ចាម ព្រមទាំង​មន្ត្រី​សង្ឃ និង​សប្បុរសជន ដើម្បី ចូលរួម​ប្រយុទ្ធប្រឆាំង​ជម្ងឺ​កូវី​ដ ១៩ នៅក្នុង​ភូមិសាស្ត្រ ខេត្ត​កំពង់ចាម ។

​អំណោយ​ផ្ដល់ជូន រដ្ឋបាល​ខេត្ត​កំពង់ចាម នា​ឱកាស​នោះ មាន ៖
-​ព្រះ​សីល​សំ​វរ ប៊​ត តាំង​ឆេង ព្រះ​នាគ​មុនី​មេគណ​ខេត្ត​កំពង់ចាម ឧបត្ថម្ភ​ថវិកា​ចំនួន ២.០០០.០០០​រៀល និង​ទឹកបរិសុទ្ធ​ចំនួន ៥០០​យួរ ។​
-​ក្រុមហ៊ុន ជេ​ធី អ៊ី​ន​ធី​ណេ​សិន​ណល (​ខេ​ម​បូឌា​)​ឯ​.​ក ឧបត្ថម្ភ​ម៉ាស៊ីន​បាញ់​ផ្សែង​សម្លាប់​មេរោគ​ចំនួន ១០​គ្រឿង ,​ម៉ាស៊ីន​បាញ់ថ្នាំ​សម្លាប់​មេរោគ​ចំនួន​១០​គ្រឿង​,​អាកុល​ចំនួន ១០​កាន និង​ទឹក​ថ្នាំ​សម្លាប់​មេរោគ ។​

​នា​ឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត បាន​ថ្លែង​អំណរ​អរគុណ ព្រះ​សីល​សំ​វរ ប៊​ត តាំង​ឆេង ព្រះ​នាគ​មុនី​មេគណ​ខេត្ត​កំពង់ចាម ព្រមទាំង​មន្ត្រី​សង្ឃ និង​លោក លោកស្រី ជា​សប្បុរសជន​ទាំងអស់ ដែល​បាន​រួមគ្នា ជួយ​ឧបត្ថម្ភ​នូវ​អំណោយ​ទាំងនេះ ដល់​រដ្ឋបាល​ខេត្ត ដើម្បី គាំទ្រ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ខ្វះខាត ក្នុង​អំឡុង​ពេល​ឆ្លង​រីក​រាលដាល នៃ​ជម្ងឺ​កូវី​ដ ១៩ និង​គ្រួសារ​ផ្សេងៗ​ទៀត ដែល​កំពុង​ធ្វើ​ចត្តា​ឡី​ស័ក នៅ​មណ្ឌល​ចត្តា​ឡី​ស័ក របស់​រដ្ឋបាល ខេត្ត​កំពង់ចាម ។

​ឯកឧត្ដម​អភិបាលខេត្ត ក៏​បាន​បញ្ជាក់​ដែរ​ថា ក្រៅពីនោះ អំណោយ​មនុស្សធម៌​ទាំងអស់នេះ បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ជាមួយ​រដ្ឋបាល​ខេត្ត ក៏ដូចជា រាជ​រដ្ឋ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការឆ្លង​រាតត្បាត នៃ​ជម្ងឺ​កូវី​ដ ១៩ ជាពិសេស បាន​ឆ្លើយតប​ភ្លាមៗ ទៅនឹង​ស្ថានភាព​បច្ចុប្បន្ន ខណៈ​ដែល ជម្ងឺ​ដ៏​កាច​សាហាវ​នេះ កំពុង​គម្រាមកំហែង ដល់​ប្រជាពលរដ្ឋ នៅក្នុង​សហគមន៍​កម្ពុជា ក៏ដូចជា​ប្រជាពលរដ្ឋ នៅក្នុង​សកលលោក ជា​រៀងរាល់ថ្ងៃ ផងដែរ ៕
​ប្រភព​៖ រដ្ឋបាល​ខេត្ត​កំពង់ចាម​