នៅ​ព្រឹក​ថ្ងៃ​ពុធ ៥​រោច ខែ​អស្សុជ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​សម្ពោធ​មជ្ឈមណ្ឌល​កម្សាន្ត «​ព្រី​នស៍ ម៉ាណ័រ​» ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ គីឡូម៉ែត្រ​លេខ​២៤ ភូមិ​ដីឥដ្ឋ​កោះ​ផុស​២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។​

តាម​របាយការណ៍​របស់​ក្រុមហ៊ុន​បាន​អោយដឹងថា មជ្ឈមណ្ឌល​កម្សាន្ត «​ព្រី​នស៍ ម៉ាណ័រ​» គឺជា​គម្រោង​សួន​កម្សាន្ត​ខ្នាត​យក្ស​ដំបូង​គេ​នៅក្នុង​ប្រទេស​កម្ពុជា ចម្ងាយ​ជាង ២០​គីឡូម៉ែត្រ ពី​កណ្តាល​រាជធានី​ភ្នំពេញ​។ មជ្ឈមណ្ឌល​កម្សាន្ត «​ព្រី​នស៍ ម៉ាណ័រ​» ជា​ការវិនិយោគ​របស់​ក្រុមហ៊ុន «​ព្រី​នស៍ ខ​ល​ឈ័រ អេ​ន ធួ​រី​ហ្សឹម ឌី​វេឡុ​ប​ម៉ិន ឯ​.​ក​» ដោយ​គ្របដណ្តប់​លើ​ផ្ទៃដី​ទំហំ ជាង ១៣​ហិកតា ជាមួយ​គម្រប​រុក្ខជាតិ​បៃតង​ចំនួន ៨៨​ភាគរយ​។ មជ្ឈមណ្ឌល​កម្សាន្ត «​ព្រី​នស៍ ម៉ាណ័រ​» ជា​រមណីយដ្ឋាន​អេកូឡូស៊ី​ខ្នាត​អន្តរជាតិ​មួយ ដែល​ផ្តល់ជូន​ភ្ញៀវទេសចរ​នូវ​ការសម្រាកលម្ហែ​កាយ វិស្សមកាល​ជាមួយ​ទេសភាព​ស្រស់បំព្រង ការកម្សាន្ត​លក្ខណៈ​គ្រួសារ និង​ទេសចរណ៍​លក្ខណៈពិសេស ដែល​រួម​បញ្ចូល​នូវ​សួនផ្កា​ចម្រុះ​ពណ៌ សួន​កម្សាន្ដ​រីករាយ បន្ទប់​ស្នាក់នៅ​បែប​ផ្ទះ​ឈើ និង​អាហារ​ឆ្ងាញ់ៗ​នៅក្នុង​ទីតាំង​តែមួយ​។ មជ្ឈមណ្ឌល​កម្សាន្ត «​ព្រី​នស៍ ម៉ាណ័រ​» មាន​គម្រោង​កម្សាន្ត​ដូចជា ការកម្សាន្ត​បែប​ផ្សងព្រេង រំភើប កក់ក្តៅ និង​ពោរពេញ​ដោយ​មនោសញ្ចេតនា​។ មជ្ឈមណ្ឌល​កម្សាន្ត «​ព្រី​នស៍ ម៉ាណ័រ​» ក៏​មាន​កង​វិល​កម្ពស់ ៨៨​ម៉ែត្រ ដែល​ប្រៀបដូចជា​ភ្នែក​នៃ​ទីក្រុង​ភ្នំពេញ រួម​ជាមួយ​ពិភព​ទឹក​កម្សាន្ត​ព្រីនស៍ ដែល​មាន​ទំហំ​ប្រមាណ ១​ហិកតា ទីវាល​ប្រណាំង​ឡាន​ប្រកបដោយ​ស្តង់ដារ និង​សួន​រុក្ខជាតិ​អេកូឡូស៊ី​ជាដើម​។​

សម្តេច​តេជោ ហ៊ុន សែន បាន​បង្ហាញ​នូវ​ក្តីរីករាយ​ដែល​បាន​អញ្ជើញ​មក​ចូលរួម​ក្នុង​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​កម្សាន្ត «​ព្រី​នស៍ ម៉ាណ័រ​» នៅ​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​នេះ​។ សម្តេច​តេជោ​បន្តថា នេះ​ជា​មោទនភាព​មួយ​ដែល​កម្ពុជា​មាន​កន្លែង​កម្សាន្ត បែប​ទេសចរណ៍​អន្តរជាតិ​នេះ ដែល​ក្រុមហ៊ុន​បាន​ចំណាយ​ទុន​វិនិយោគ​ចំនួន​ប្រមាណ ៨៥​លាន​ដុល្លារ ដែល​ជា​ទុន​វិនិយោគ​ដ៏​ធំ​មួយ​ក្នុង​ប្រទេស​កម្ពុជា ជា​មជ្ឍមណ្ឌល​កម្សាន្ត​លំដាប់​អន្តរជាតិ ប្រកប​ដោយ​ភាព​ទាក់ទាញ នៃ​ទិស​ខាងកើត​នៃ​ទីក្រុង​ភ្នំពេញ​។

សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា បច្ចុប្បន្ននេះ ជំងឺ​កូវី​ដ​-១៩ បាន​បង្ក​នូវ​ផលប៉ះពាល់​ដល់​យើង​មែន តែ​កូវី​ដ​-១៩​មិន​អាច​រារាំង​ដល់​ការអភិវឌ្ឍ​យើង និង​សម្លាប់​យើង​បាន​នោះទេ​។ សម្តេច​បន្តថា វិស័យ​ទេសចរណ៍ ក្នុង​វិបត្តិកូ​វីដ​នេះ គឺ​ភ្ញៀវទេសចរ​មិន​អាច​ចេញទៅ​កម្សាន្ត​នៅ​ក្រៅប្រទេស​នោះទេ ដូច្នេះ​ហើយ​ជា​ឱកាស​ដែល​អោយ​ពួកគាត់​បាន​ដើរ​កម្សាន្ត​ក្នុង​តំបន់​ទេសចរណ៍​ក្នុងស្រុក ដែល​ជា​ការផ្តល់​ចំណូល​ក្នុង​វិស័យ​នេះ​។ ជាក់ស្តែង សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​លើកឡើង​ថា គ្រាន់​តែ​ថ្ងៃ​ឈប់សម្រាក​សង​បុណ្យចូលឆ្នាំ​៩​ថ្ងៃ មាន​ភ្ញៀវទេសចរ​ដើរលេង​ក្នុង​ស្រុក​ប្រមាណ​១​លាន​៦​សែន​នាក់ ទៅ​តាម​កន្លែង​ទេសចរណ៍​សំខាន់ៗ​។ សម្តេច​តេជោ​បញ្ជាក់ថា យើង​កំពុង​ជំរុញ​ការអភិវឌ្ឍ​ទេសចរណ៍​ក្នុងស្រុក​អោយបាន​ច្រើន ជា​ពិសេស​ត្រូវ​ខិតខំ​បង្កើត​តំបន់​ទេសចរណ៍​ថ្មីៗ​បន្ថែមទៀត ដើម្បី​កំណើន​សេដ្ឋកិច្ច​យើង​នា​ពេលខាងមុខ​។​

សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា នៅទីនេះ ពេលខាងមុខ​នឹង​មាន​ការរៀបចំ​ជា​កំពង់ផែ​ទេសចរណ៍​ផងដែរ ព្រោះ​ភ្លៀវ​ទេ​ចរណ៍​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវទឹក​។ ដូច្នេះ​សម្តេច​សូមអោយ​ក្រសួង​សាធារណការ និង​ក្រសួង​ទេសចរណ៍ ត្រូវ​សិក្សា​ពី​គម្រោង​នេះ បើ​មាន​ការ​សំណូមពរ​អោយមាន​ការសាងសង់​កំពង់ផែ​នាពេលខាងមុខ​នោះ​។ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា អ្វី​ដែល​កម្ពុជា​ខ្លាំង និង​អាច​ធ្វើបាន​ក្នុង​វិបត្តិកូ​វីដ​នេះមាន​២ គឺ​ទី​១) ការ​មិន​ក្ស័យធន , ការរក្សា​ការងារ​បាន​ដល់​ពលរដ្ឋ​ទាំង​រដ្ឋ និង​ឯកជន​។ ទី​២) កម្ពុជា​នៅតែ​បន្ត​បើក​រោងចក្រ​ថ្មី ជា​បន្តបន្ទាប់ ជាពិសេស​ឧស្ស​ហក​ម្មធុ​ន​ស្រាល​។

នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​កងកម្លាំងប្រដាប់អាវុធ ដែល​បាន​ការពារ​ប្រជាពលរដ្ឋ​បាន​ល្អប្រសើរ​ក្នុង​ឱកាស​ថ្ងៃ​ឈប់សម្រាក​៩​ថ្ងៃ​សង​ចូលឆ្នាំ និង​បុណ្យ​ភ្នំ​បិណ្ឌ​កន្លងមកនេះ​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​បញ្ជាក់​ទៀត​ថា អ្វី​ដែល​សំខាន់​ដែល​ធ្វើអោយ​បងប្អូន​ប្រជាពលរដ្ឋ​អាច​ដើរ​កម្សាន្ត​បាន​ងាយស្រួល​នោះ គឺ​ដោយសារ​កត្តា​៤​យ៉ាង ទី​១) ប្រទេសជាតិ​យើង​មាន​សន្តិភាព​គ្រប់​ទីកន្លែង , ទី​២)​យើង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ធ្វើដំណើរ​ត​ភ្ជាប់​គ្រប់​ទីកន្លែង​, ទី​៣)​បងប្អូន​ប្រជាពលរដ្ឋ​យើង​មាន​មធ្យោបាយ​ធ្វើដំណើរ​គ្រប់ៗ​គ្នា ទាំង​ម៉ូតូ និង​រថយន្ត និង​ទី​៤)​ប្រជាពលរដ្ឋ​មាន​ប្រាក់ចំណូល ៕

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បានបញ្ជាក់​ថា ថ្វី​ត្បិត​តែ​ឆ្នាំនេះ​យើង​មិន​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​នៅ​ភ្នំពេញ​ក៏ដោយ តែ​អាជ្ញាធរ​មូលដ្ឋាន​អាច​ធ្វើ​តាម​បណ្តា​ខេត្ត​នានា​បាន ហើយ​ពិធី​សំពះ​ព្រះ​ខែ អក​អំបុក អាច​ធ្វើ​នៅ​តាម​វត្ត ឬ​តាម​ផ្ទះ​នានា​។ តែ​ទោះជា​យ៉ាណា សម្តេច​តេជោ​សុំអោយ​ក្រសួង​សុខា​
​ភិ​បាលសិក្សា​មើល និង​ត្រូវមាន​វិធានការ​ខ្ពស់​ក្នុង​ការការពារ​ជម្ងឺ​កូវី​ដ​១៩ ជាពិសេស​កីឡាករ​អុំទូក​។​

មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​អរគុណ​ដល់​ប្រជាពលរដ្ឋ​យើង​ទាំងអស់​ដែល​បាន​ចូលរួម​ខិតខំ​ថែរក្សា​សន្តិភាព​ដែល​កម្ពុជា​រកបាន​ដោយ​កម្រ​នេះ និង​សូម​អោយ​ប្រជាពលរដ្ឋ​ចូលរួម​បន្ត​ថែរក្សា​សន្តិភាព​នេះ​អោយបាន​គង់វង្ស​ត​ទៅ​មុខ​ទៀត​៕