ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម អមដំណើរដោយឯកឧត្ដម លោកជំទាវ ជាអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញពិនិត្យការដ្ឋានគម្រោងសាងសង់ផ្លូវបេតុង ដែលមានបណ្ដោយប្រវែង ១.៧១០ម៉ែត្រ និងប្រវែងទទឹង ៦ម៉ែត្រ ស្ថិតនៅជុំវិញប្រាសាទនគរបាជ័យ ស្ថិតនៅឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
គម្រោងសាងសង់ផ្លូវបេតុង ១ខ្សែនេះ ប្រើប្រាស់ថវិកា របស់រដ្ឋបាលខេត្តឆ្នាំ២០២០ ដើម្បីឆ្លើយតបទៅនឹងសេក្ដីត្រូវការរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន សម្រាប់ធ្វើដំណើរឆ្លងកាត់ និងដឹកកសិផលផ្សេងៗ ទៅកាន់ទីផ្សារ។
ម្យ៉ាងទៀត ផ្លូវនេះក៏ជាខ្សែក្រវ៉ាត់ព័ទ្ធជុំវិញប្រាសាទបុរាណ ដ៏វ័យចំណាស់ ១កន្លែង របស់ខេត្តកំពង់ចាម ក្នុងការជួយសម្រួល ដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ធ្វើដំណើរមកទស្សនាកំសាន្ត នៅរមណីដ្ឋានប្រវត្តិសាស្ត្រនេះ ផងដែរ ។ បច្ចុប្បន្ន ក្រុមហ៊ុនទទួលការគម្រោង កំពុងយកចិត្តទុកដាក់លើកិច្ចការរបស់ខ្លួន យ៉ាងមមាញឹកបំផុត ដែលមកដល់ពេលនេះ សម្រេចលទ្ធផលប្រមាណជាង ៣០% ហើយ។
ឆ្លៀតក្នុងឱកាស ចុះពិនិត្យលើវឌ្ឍនភាពរីកចំរើននៃផ្លូវ១ខ្សែ នេះដែរ ឯកឧត្ដម អភិបាលខេត្ត បានបន្តចុះពិនិត្យផ្លូវកៅស៊ូ DBST ប្រវែង ២.២០០ម៉ែត្រ និងទទឹង ៧ម៉ែត្រ។ គម្រោងផ្លូវ ១ខ្សែនេះ ប្រើប្រាស់ថវិការបស់រដ្ឋបាលខេត្តដោយតភ្ជាប់ពីព្រំប្រទល់សង្កាត់បឹងកុក ក្រុងកំពង់ចាមឆ្ពោះទៅដល់ចំណុចព្រលានយន្តហោះ ស្ថិតនៅក្នុងភូមិប្រសំ ឃុំរអាង ស្រុកកំពង់សៀម ដែលមកដល់ពេលនេះ គម្រោងកំពុងដំណើរការសាងសង់នៅឡើយ និងសម្រេចលទ្ធផលប្រមាណ ២០% ហើយ។
គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០២០នេះគម្រោង និងថវិកាអភិវឌ្ឍន៍របស់រដ្ឋបាលខេត្តកំពង់ចាម សរុប ២៧គម្រោង ក្នុងនោះ
-ផ្លូវកៅស៊ូAC មាន៥ខ្សែ ប្រវែង ៥.២៥៥ម៉ែត្រ
-ផ្លូវបេតុងអាមេ មាន៣ខ្សែ ប្រវែង ៦.០៦៥ម៉ែត្រ
-ដាក់លូ២ខ្សែ ប្រវែង ១.៤១០ម៉ែត្រ
-សាងសង់ទ្វាទឹក០២កន្លែង
-ផ្លូវក្រួសក្រហម ប្រវែង៣.៥០០ម៉ែត្រ
-ផ្លូវប្រភេទDBST០១ខ្សែ ប្រវែង ២.២០០ម៉ែត្រ
-ការថែទាំកំណាត់ផ្លូវ ១៥ខ្សែ ប្រវែង ៣១.៣២២ម៉ែត្រ
-សាងសង់ច្រាំងទន្លេ ០១កន្លែងប្រវែង៤៣ម៉ែត្រ
-សាងសង់សាលាឃុំ១១ឃុំ/សង្កាត់
-សាងសង់អគារច្រកចេញចូល ៤កន្លែងនៅស្រុកចំនួន០៤
-ជុសជុល០៣កន្លែង ស្មើ១៣.៨៤៤ម៉ែត្រការ៉េ
-សាងសង់អគាររដ្ឋបាលខេត្ត ០១កន្លែងក្នុជំហ៊ានទី៣ ៕