ជាមួយនឹង​សេចក្តីសោកស្តាយ​ចំពោះ​ការបាត់បង់​ធនធានមនុស្ស​របស់​កម្ពុជា ដោយ​និស្សិត ចាន់ ឧត្តម និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម បាន​បាត់បង់​ជីវិត​ក្នុងការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​អ៉ីស្រាអែល និង​ក្រុម​ហា​ម៉ាស់ សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី ចាត់តាំង​ឯកឧត្តម មែ ស៉ីថន តំណាង​ខុទ្ទកាល័យ​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី អញ្ជេី​ញ​ទៅ​សាកសួរ​សុខទុក្ខ នាំនូវ​សារលិខិត​មរ​ណ​:​ទុក្ខ និង​រំលែក​ទុក្ខ​របស់​សម្តេច​ធិបតី និង​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ជូន​ដល់​ក្រុមគ្រួសារ​នៃ​សព​។

​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​ទូរ​សព្ទ​ជួប​ផ្ទាល់​ជាមួយ​ក្រុមគ្រួសារ​នៃ​សព​និស្សិត​ដែល​បាត់បង់​ជីវិត ដើម្បី​បញ្ជាក់​ពី​ការសោកស្តាយ និង​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ព្រមទាំង​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ការបាត់បង់​កូនប្រុស ចៅប្រុស និង​ប្អូនប្រុស​ជាទី​ស្រលាញ់ និង​ជា​ធនធានមនុស្ស​បញ្ញវន្ត​ដ៏​មាន​សក្តានុពល​របស់​កម្ពុជា ដែល​បាន និង​កំពុង​បំពេញ​បេសកកម្ម​សិក្សា​បង្កើន​សមត្ថភាព ដើម្បី​យក​មក​បម្រើ​ឧត្តម​ប្រយោជន៍​ជាតិ សាសនា និង​ព្រះមហាក្សត្រ និង​ប្រជាជន​កម្ពុជា ជាទី​ស្នេហា​បំផុត​របស់​យើង​។

​ព្រម​ជាមួយគ្នានេះ សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី ក៏​សូម​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​និស្សិត ចាន់ ឧត្តម បាន​ទៅ​កាន់​សុខ​គតិ​ភព​កុំបី​ឃ្លៀងឃ្លៀត​ឡើយ​។

​សូម​បញ្ជាក់​ផង​ដែរ ដើម្បី​ជួយ​រំលែក​បន្ទុក​មួយចំណែក និង​សេចក្តី​សោកសង្រេង​នៃ​ការបាត់បង់​និស្សិត​ចំពោះ​ក្រុម​គ្រួសារ​នៃ​សព សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី សម្រេច​ទទួលបន្ទុក​លើ​ការនាំ​សព​មាតុភូមិនិវត្តន៍ ព្រម​ជាមួយ​នឹង​ការចាត់ចែង​រៀបចំ​ពិធី​បុណ្យសព ដោយ​រ៉ាប់រង​ការចំណាយ​ទាំងអស់​។