ប្រទេសចិន ៖ សម្តេច​មហា​បវរ​ធិបតី បាន​សម្តែង​នូវ​ក្តីកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និង​ក្រុមការងារ​ក្រសួង​ពាណិជ្ជកម្ម និង​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​ណាន​នី​ង ព្រមទាំង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ក៏​ដូច​ជា​បងប្អូន​ក្នុង​វិស័យ​ឯកជន ដែល​បាន​ប្រឹងប្រែង​ក្នុង​ការរៀបចំ​ស្តង់​ពិព័រណ៍ និង​ពន្លា​ជាតិ ព្រមទាំង​បាន​នាំយក​ផលិតផល​របស់​កម្ពុជា មក​តាំង​បង្ហាញ​ដល់​សាធារណជន ក្នុង​កម្មវិធី “​ពិព័រណ៍​អាស៊ាន​-​ចិន លើក​ទី​២០” ដែល​ត្រូវបាន​រៀបចំឡើង​ចាប់ពី​ថ្ងៃ​ទី​១៧-១៩ កញ្ញា ២០២៣ នៅ​ទីក្រុង​ណាន​នី​ង សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​ជាមួយគ្នានេះ ក៏​សូម​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ រដ្ឋបាល​ខេត្ត​ក្វាង​ស៊ី នៃ​តំបន់​ស្វយ័ត​ក្វាង​ស៊ី សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​ផ្តល់​នូវ​បដិសណ្ឋារកិច្ច​ប្រកបដោយ​ភាពកក់ក្តៅ និង​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​គណៈប្រតិភូ​កម្ពុជា ក៏ដូចជា​សហការ និង​សម្របសម្រួល​សម្រាប់​ក្រុមការងារ​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​រៀបចំ​ការនាំយក​ផលិតផល​របស់​កម្ពុជា មក​តាំង​បង្ហាញ​ក្នុង​កម្មវិធី​ពិ​ព័​រណ៌​អាស៊ាន​-​ចិន លើក​ទី​២០ នេះ​ប្រកបដោយ​ភាព​ទាក់ទាញ និង​សម្រេចបាន​លទ្ធផល​ល្អប្រសើរ​។​

​កិច្ចការ​នេះ គឺជា​ការរួមចំណែក​លើ​ក​កម្ពស់​កិត្យានុភាព និង​វប្បធម៌​ជាតិ នៅលើ​ឆាក​អន្តរជាតិ តាមរយៈ​ការតាំង​បង្ហាញ​ដល់​ប្រជាជន​បរទេស ឱ្យបាន​ស្គាល់​ផលិតផល​ខ្មែរ ក៏ដូចជា​ដើម្បី​ជំរុញ​សក្តានុពល​វិនិយោគ​សម្រាប់​កម្ពុជា​។ មួយវិញទៀត ព្រឹត្តិការណ៍​នេះ គឺ​ពិតជា​បាន​ដើរតួនាទី​សំខាន់​ក្នុង​ការបង្កើន​ទំហំ​ពាណិជ្ជកម្ម​អាស៊ាន​-​ចិន ឱ្យ​កាន់តែ​មាន​សន្ទុះ​ខ្ពស់​ឡើង ជាពិសេស​ក្នុង​បរិបទ​នៃ​ការ​ងើបឡើង​ចេញពី​វិបត្តិ​នៃ​ជំងឺ​កូវី​ដ​-១៩​។​

​ក្រសួង​-​ស្ថាប័ពាក់​ព័ន្ធនានា ដែល​បាន​ចូលរួម មាន​ជាអាទិ៍​៖
-​ក្រសួង​ពាណិជ្ជកម្ម​
-​ក្រសួង​ទេសចរណ៍
-​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា
-​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​
-​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​
-​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​
-​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​
-​សាលា​រាជធានី​ភ្នំពេញ​
-​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន​
-​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​
-​ក្រសួង​រ៉ែ និង​ថាមពល​
-​សភាពាណិជ្ជកម្ម
-​វិស័យ​ឯកជន​កម្ពុជា មក​ចូលរួម​តាំងពិព័រណ៍ (​សហគ្រាស​ធុន​តូច និង​មធ្យម​)