​មានប្រសាសន៍​នៅក្នុងផេខ ហ្វេ​សប៊ុក សម្តេច​ធិបតី​បាន​មានប្រតិកម្ម​នឹង​ការតែងតាំង មេ​ប៉ុស្តិ៍​នៅ​ឃុំ​សំព្រោជ ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ដោយសារ​តែ​ការតែងតាំង​មន្ត្រី​រូប​នេះ ទទួលរង​ការរិះគន់​ជា​ហូរហែរ​ពី​បណ្តាញ​សង្គម ។​

​សម្តេច​បាន​មានប្រសាសន៍​ដូច្នេះ​ថា ៖ ក្រោយពី​បាន​ទទួល​ព័ត៌មាន​តាម​ប្រភព​ផ្សេងៗ រួម​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ពាក់ព័ន្ធ​នឹង​ការតែងតាំង​បុគ្គល​ម្នាក់​ធ្វើ​ជា​មេ​ប៉ុស្តិ៍​នៅ​ឃុំ​សំព្រោជ ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ដែល​ធ្លាប់​មាន​ប្រវត្តិ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ខ្ញុំ​បាន​ចេញ​បទបញ្ជា​ភ្លាម​ទៅ ឯកឧត្តម ស ថេត អគ្គស្នងការ​នគរបាល​ជាតិ ឱ្យ​ពិនិត្យ ស្រាវជ្រាវ​ជាមួយ ឯកឧត្តម ម៉ែន លី ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ ជាបន្ទាន់​។ ក្នុង​ករណី​ជា​រឿង​ពិត ត្រូវ​ធ្វើ​ការកែសម្រួល​ភ្លាម​។

​សម្តេច​ធិបតី បាន​មានប្រសាសន៍ថា ៖ «​ខ្ញុំ​សូម​ឱ្យ​មាន​ការត្រួតពិនិត្យ​និង​វាយតម្លៃ​ឲ្យបាន​ច្បាស់លាស់ នូវ​បុគ្គលិកលក្ខណៈ​របស់​បុគ្គ​ល​នី​មួយៗ ឲ្យបាន​ហ្មត់ចត់​មុននឹង​ធ្វើ​ការតែងតាំង នៅតាម​បណ្ដា​ស្ថាប័ន​រដ្ឋ​ទាំង​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ ទាំង​ថ្នាក់​ជាតិ​និង​ក្រោម​ជាតិ​» ៕