​ថ្ងៃ​សុក្រ ១០​កើត ខែ​ភទ្របទ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០២០ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​-​ទទួល​ម៉ាស៊ីន​ផលិត​ទឹកបរិសុទ្ធ​ដោយ​បរិយាកាស​-WATERGEN (​ប្រភេទ GEN-M) ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី មន្ត្រីជាន់ខ្ពស់​ក្រសួង លោក Denis Laurent ប្រធាន​នាយក​ប្រតិបត្តិ​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា និង​បុគ្គលិក ក្រោម​ឱវាទ​មន្ទីរពេទ្យ​ផងដែរ​។​

​ថ្លែង​ក្នុង​ពិធី​ប្រគល់​-​ទទួល​នាឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​អំពី​លក្ខណៈពិសេស ម៉ាស៊ីន​ផលិត​ទឹកបរិសុទ្ធ​ដោយ​បរិយាកាស​ធម្មជាតិ​-WATERGEN (​ប្រភេទ GEN-M) ជា​បច្ចេកវិទ្យា មកពី​ប្រទេស​អ៊ីស្រាអែល មាន​សមត្ថភាព​អាច​ផលិត​ទឹកបរិសុទ្ធ​ដោយ​ស្វ័យប្រវត្តិ​ពី​ខ្យល់​ក្នុង​បរិយាកាស បាន​ប្រមាណ​៨០០​លីត្រ​ក្នុង​មួយថ្ងៃ ដោយ​មិន​ចាំបាច់​ត​ភ្ជាប់​ជាមួយ​ប្រភពទឹក​ទុយោ និង​អាច​ផ្គត់ផ្គង់​ទឹក ប្រកបដោយ​គុណភាព សុវត្ថិភាព​ខ្ពស់ និង​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន​ផ្សេងៗ​ថែមទៀត​ផង​។​

​លើសពីនេះ​ទៀត ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​លើកឡើង​ថា​៖ ម៉ាស៊ីន​នេះ​អាច​ផ្តល់​អត្ថប្រយោជន៍​សម្រាប់ បងប្អូន​ប្រជាពលរដ្ឋ​ដែល​នាំយក​កូនៗ​មក​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទី​ពេទ្យ​នេះ ពោល​គឺ​៖ ពួក​គាត់​អាច​ប្រើប្រាស់​ទឹក​ដែល​ផលិត​ដោយ​ម៉ាស៊ីន​នេះ ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ផ្លាស្ទី​កបង្ក​ផលប៉ះពាល់​បរិ​ស្ថាន ជួយ​សន្សំសំចៃ​ថវិកា​ពួកគាត់​បាន​មួយចំណែក ជាពិសេស ម៉ាស៊ីន​នេះ​អាច​យក​ទៅ​ប្រើប្រាស់​នៅ​តាម​សាលារៀន មន្ទីរពេទ្យ មណ្ឌល​សុខភាព​របស់​បណ្ដា​ភូមិ ឃុំ ស្រុក​ទាំងឡាយណា​ដែល​ខ្វះខាត​ទឹក​ប្រើប្រាស់​បាន​ផង​ដែរ​។​

​គួរកត់សម្គាល់​ថា​៖ អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​នា​ឱកាស​នេះ គឺជា​ការបង្ហាញ​នូវ កាយវិការ​ប្រកបដោយ​មនុស្សធម៌ ដែល​សម្តេច​តែងតែ​គិតគូរ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ​របស់​បង ប្អូន​ប្រជាពលរដ្ឋ ធ្វើយ៉ាងណា​ឱ្យ​សុខមាលភាព និង​ជីវភាព​រស់នៅ​របស់​បង​ប្អូន​កាន់តែ​មាន​ភាពប្រសើរឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​វាយតម្លៃ ខ្ពស់​ចំពោះ​គុណបំណាច់​ដ៏​ធំធេង​របស់​អតីត​ស្ថានិក​មន្ទីរពេទ្យ​គន្ធបុប្ផា Beat Richner ដែល​បាន​ខិត ខំប្រឹងប្រែង​លះបង់​កម្លាំងកាយ​ចិត្ត​ដើម្បី​កុមារ​កម្ពុជា ពិសេស​លោក​គ្រូពេទ្យ អ្នក​គ្រូពេទ្យ ព្រមទាំង បុគ្គលិក​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញ​ការងារ​មិន​ខ្លាច​នឿយហត់​ក្នុង​បុព្វ ហេតុ​ជួយសង្គ្រោះ​កុមារ​កម្ពុជា​ឱ្យអស់​ពី​សមត្ថភាព ដោយ​ឥតគិតថ្លៃ ដែល​កិច្ចខិតខំ​ប្រឹងប្រែង​នេះ គឺជា​ការ ចូលរួម​ចំណែក​ដ៏​ប្រពៃ​ក្នុង​ការលើកកម្ពស់​សុខុមាល​ភាព​កុមារ​កម្ពុជា​។​

​ជាទី​បញ្ចប់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​សំណូមពរ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​នាំ​បុត្រ​ធីតា​ជា​ទីស្រឡាញ់ របស់​ខ្លួន​ទៅ​សម្រាក​ព្យាបាល​ជំងឺ​នៅក្នុង​មន្ទីរពេទ្យ​នេះ សូម​ជួយ​ថែរក្សា​ម៉ាស៊ីន​នេះ​ឱ្យបាន​គង់វង្ស ដើម្បី អាច​ប្រើប្រាស់​បាន​យូរអង្វែង​ទាំងអស់គ្នា​៕