ភ្នំពេញ​៖ ថ្ងៃ​ពុធ ៨​កើត ខែ​ភទ្របទ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០២០ ឯកឧត្តម កឹម បូរី អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​គ្រប់គ្រង និង សម្របសម្រួល​គម្រោង បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ស្តី​ពី​វឌ្ឍនភា​ព​គម្រោង​លើកកម្ពស់ ការផ្គត់ផ្គង់​ទឹក ស្អាត និង​អនាម័យ​ក្រោម​ហិរញប្បទាន​ឥណទាន​សម្បទាន​របស់​ធនាគារពិភពលោក ដោយ​មាន​ការចូល រួម​ពី​សា្ថប័ន និង​មន្ត្រី​ពាក់ព័ន្ធ​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ដើម្បី​ប្រកាស​សុពលភាព​សមាសភាព​គណៈកម្មការ និង​ពិភាក្សា​លើ​របៀបវារៈ មួយ ចំនួន​ដែល​ជា​គំនិត​ផ្តួចផ្តើម​រួមគ្នា​របស់ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ វត្ថុ និង​ធនាគារ​ពិភពលោក ទាក់ទង​នឹង​ស្តង់ដារ​គុណភាព​បញ្ចេញ​ទឹក​កខ្វក់​ពី​ស្ថានីយ​ប្រព្រឹត្តិកម្ម យន្តការ​កំណត់​តម្លៃ​សេវា​ទឹក​កខ្វក់ ការដាក់បញ្ចូល​តម្លៃ​សេវា​ទឹក​កខ្វក់​ទៅក្នុង​វិក្កយបត្រ​ទឹកស្អាត និង​ការ ពង្រឹង​ការផ្តល់សេវា​គ្រប់គ្រង​សំណល់​ភក់​ពី​បង្គន់​។

​ឯកឧត្ដម​អនុ​រដ្ឋលេខាធិការ​បាន​មានប្រសាសន៍ថា​៖ ដើម្បី​ធានា​ដល់​ប្រយោជន៍​សុខភាព​សាធារណៈ និង​អនាម័យ​នៅក្នុង​ទីក្រុង និង​ដើម្បី​បំពេញ​បន្ថែម​លើ​ការវិនិយោគ​ដោយ​ធនាគារ​អភិវឌ្ឍន៍អាស៊ី​រាជ​រដ្ឋា ភិបាល​កម្ពុជា​បាន​ស្នើ​សុំ​ការគាំទ្រ​ពី​ធនាគារ​ពិភពលោក​លើ​ការអភិវឌ្ឍ និង​សាងសង់​បណ្តាញ​លូ​ខ្នែង និង​ខ្នែង​រង​នៅ​ទូទាំង​ទីក្រុង​ដើម្បី​ចូល​រួមចំណែក​ធានា​ឱ្យបាន​នូវ​បរិស្ថាន​ស្អាត ទឹកស្អាត និង សុខភាព​អនាម័យ​សាធារណៈ និង​លើកកម្ពស់​ជីវភាព​រស់​របស់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរឡើង​។

​ឯកឧត្តម​អនុ​រដ្ឋលេខាធិការ​បាន​បន្ថែមថា​៖ ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទាមទារ​កិច្ចសហការ​រវាង​រដ្ឋ និង​ឯកជន​។ ហេតុនេះ​ក្រសួង​បាន​និង​បន្ត​ស្វែងរក​ដៃគូ​អភិវឌ្ឍន៍​នានា​ក្នុង​ការសាងសង់​បណ្តាញ​លូ ស្ថានីយ​បូម និង​ស្ថានីយ​ប្រព្រឹត្តិកម្ម​ឱ្យបាន​គ្រប់​ខេត្ត​-​រាជធានី​។​

​លើសពីនេះ​ទៀត ឯកឧត្ដម​អនុ​រដ្ឋលេខាធិការ​បាន​បន្តថា​៖ ដើម្បី​អនុវត្ត​គម្រោង​លើកកម្ពស់​ទឹកស្អាត និង​អនាម័យ​ឱ្យមាន​ប្រសិទ្ធភាព យើង​ត្រូវ​មាន​ច្បាប់ និង​បទដ្ឋាន​គតិយុត្តិ​ជា​មាគ៌ា ការចូលរួម​ពី បងប្អូន​ប្រជាពលរដ្ឋ​ប្រកបដោយ​ការទទួលខុសត្រូវ ការ​បំផុសស្មារតី​លើ​ភាពម្ចាស់ការ ការពង្រឹង សមត្ថភាព​ប្រតិបត្តិ​ក​រ ការបណ្ដុះបណ្ដាល​និង​អប់រំ​ប្រជាពលរដ្ឋ ព្រមទាំង​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំ ទូលាយ​ផងដែរ​។​

​ជាមួយគ្នា​នោះ​ផងដែរ ឯកឧត្តម​អនុ​រដ្ឋលេខាធិការ​បាន​គូសបញ្ជាក់ថា​៖ ទីក្រុង​ស្អាត ប្រទេស​មាន សណ្ដាប់ធ្នាប់​អនាម័យ​ល្អ​អាច​ទាក់ទាញ​ភ្ញៀវទេសចរ និង​វិនិយោគិន​ជាតិ និង​អន្តរជាតិ​ឱ្យ​មក​ទស្សនា និង​ដាក់ទុន​បង្កើត​ការងារ​ធ្វើ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ឈានទៅ លើកកម្ពស់​ជីវភាពរ​ស់ឱ្យ​កាន់តែ​សម្បូរ សប្បាយ​ថែមទៀត​។

​ជាទី​បញ្ចប់ ឯកឧត្ដម​អនុរដ្ឋលេខាធិការ បាន​សម្តែង​នូវ​ការកោតសរសើរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាល ជ្រៅ​ចំពោះ​ធនាគារពិភពលោក ដែល​ជា​ដៃគូ​សហការ​យូរអង្វែង​របស់​ក្រសួង​សាធារណការ និង​ដឹក ជញ្ជូន លើ​ការផ្តល់​ហិរញ្ញប្បទាន​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត និង​ក្រុមការងារ​ដែល​បាន ខិតខំ​ប្រឹងប្រែង​បំពេញ​ការងារ​អស់​ពី​កម្លាំងកាយ​ចិត្ត ព្រមទាំង​លើកទឹកចិត្ត​ឱ្យ​ក្រុម​ការងារ​បន្ត​វប្បធម៌ សហការ​នេះ​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត ដើម្បី​បម្រើ​ឧត្ដម​ប្រយោជន៍​ជាតិ​៕