​អង្គសភា បាន​ធ្វើ​ការអនុម័ត ដោយ​មាន​សំឡេង​គាំទ្រ​ជា​ឯកច្ឆន្ទ លើ សេចក្ដីព្រាង​ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ ក្នុង​សម័យប្រជុំ លើក​ទី​៩ នីតិកាល​ទី​៦ នៅ​ថ្ងៃ​អង្គារ ទី​៣០ ខែ​ឧសភា ឆ្នាំ​២០២៣ ក្រោម​អធិបតីភាព សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​ដោយ​មាន​វត្តមាន​សមាជិក​សមាជិកា​រដ្ឋសភា ចូលរួម​ចំនួន ១០០​រូប​។

​សូមបញ្ជាក់​ថា នៅក្នុង​កិច្ចប្រជុំ​នៃ​រដ្ឋសភា ឯកឧត្តម ឡូយ សុផាត ប្រធាន​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក នៃ​រដ្ឋសភា ជា​អ្នករាយការណ៍​ជូន​អង្គសភា ពី​លទ្ធផល​នៃ​ការពិនិត្យ​សិក្សា​សេចក្តីព្រាង​ក្រម ដែលមាន ១២​គន្ថី និង ៨៦៥​មាត្រា​។ ក្នុងឱកាស​នោះ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​សហការី ជា​តំណាង​រាជរដ្ឋាភិបាល និង​ជា​អ្នកការពារ​សេចក្តីព្រាង​ក្រម​។​

​សូមជម្រាបថា «​សេចក្តីព្រាង​ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ​» ត្រូវបាន​អនុម័ត​ទាំងស្រុង ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជ​ណា​ច​កម្ពុជា កាលពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ ២០២៣​។​

​សេចក្តីព្រាង​ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ ត្រូវបាន​តាក់តែងឡើង ដោយ​ផ្អែក​លើ​គោលការណ៍​សំខាន់ៗ គឺ​លិខិត​បទដ្ឋាន​គតិយុត្ត​ក្នុង​វិស័យ​បរិស្ថាន និង​ធនធានធម្មជាតិ ត្រូវបាន​ធ្វើ​សមាហរណកម្ម សុខដុម​នីយកម្ម និង​ធ្វើ​ទំនើបកម្ម ឱ្យ​ឆ្លើយ​តប​នឹង​និន្នាការ​វិវត្តន៍​នៃ​សង្គម​។

​សេចក្តីព្រាង​ក្រម​នេះ នឹង​រួមចំណែក​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ភាពខ្វះ​ចន្លោះ ភាពមិនច្បាស់លាស់ ឬ​ភាព​ហួស​សម័យ​នៃ​បទ​ប្បញ្ញត្តិ​ច្បាប់​មួយចំនួន ដោយសារ​ភាពស្មុគស្មាញ និង​ការវិវត្ត​យ៉ាង​លឿន​ផ្នែក​បច្ចេកទេស​បរិស្ថាន ការដោះស្រាយ​បញ្ហា​ដែល​មាន​ដែន​សមត្ថកិច្ច​ត្រួត​គ្នា និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​កិច្ចសម្របសម្រួល​រវាង​អ្នកពាក់ព័ន្ធ​ទាំងអស់​ក្នុង​ការគ្រប់គ្រង​បរិស្ថាន និង​ធនធានធម្មជាតិ ព្រមទាំង​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ​អភិរក្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា​៕​