​ខេត្ត​កណ្ដាល​៖  ឯកឧត្តម  គង់ សោភ័ណ្ឌ  អភិបាល ខេត្ត នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្ដាល  ព្រមទាំង​សហការ​រី មន្ត្រីរាជការ និង​សប្បុរសជន​នានា នៅ​ព្រឹក​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ បាន​ចែក អាវ​រងា   ភួយ   និង ស្បៀង​អាហារ​មួយ​ចំនួន  ដល់ ពលរដ្ឋ ចាស់​ចាស់ជរា  និង មាន​ជីវភាព​ខ្វះខាត  ចំនួ​ចំ​៣៩៨​នាក់   មក​ពី​សង្កាត់​ទាំង​៦ ក្នុង​ក្រុង​តាខ្មៅ ។

​ថ្លែង​ក្នុង​ពិធី​នេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានបញ្ជាក់​ថា ការចែក អំណោយ នេះ ធ្វើឡើង  ដើម្បី​ឆ្លើយតប​តាម​ការអំពាវនាវ​របស់ សម្ដេច អគ្គសេនាបតី​តេជោ   ហ៊ុន   សែន   នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​អំពាវ​នា​ឱ្យ​អាជ្ញាធរ ត្រូវ​យកចិត្តទុកដាក់ ចំពោះ ជន ងាយ រងគ្រោះ ក្នុង ពេល មាន ធាតុ​អាកាស ត្រជាក់ ចូល មកដល់  ដើម្បី រក្សា ភាព កក់ក្តៅ   និង សុវត្ថិភាព ក្នុង ពេល អាកាសធាតុ ចុះ ត្រជាក់ ។

​ឯកឧត្តម​បាន​បញ្ជាក់បន្ថែម​ថា ការ​ចែក​អំណោយ​ជា​អាវ​រងា ភួយ និង​ស្បៀងអាហារ​នេះ នឹង​បន្ត​ចែកជូន​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​កណ្ដាល​ជា​បន្តបន្ទាប់​ទៀត ដើម្បី​ជួយ​សម្រាល​ទុក​លំបាក​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន មិន​ទុក​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការលំបាក​ឡើយ​។​

​នា​ឱកាស​នោះ​ដែរ ឯកឧត្តម​ក៏បាន​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដោយ​ក្តី​នឹករលឹក​បំផុ​ត និង​បាន​ថ្លែង​នូវ​ការកោតសរសើរ និង​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទឹកចិត្ត​ដ៏​សប្បុរស​ប្រកប​ដោយ​ព្រហ្ម​វិហារធម៌ របស់​សប្បុរសជន​ទាំងអស់ ដែល​បាន​បរិច្ចាគ​ធនធាន ពេលវេលា កម្លាំងកាយ​ចិត្ត ចេញ​ពី​បេះ​ដូង​មនុស្សធម៌​សុទ្ធសាធ​ក្នុង​ការចូលរួមចំណែក​ជួយ​ដល់​ជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះ​បំផុត នៅក្នុង​ខេត្ត​កណ្ដាល​។​

​ក្រៅពីនេះ ឯកឧត្តម​ក៏បាន​ណែនាំ​ឱ្យ​មនុស្ស​វ័យ​ចំណាស់​ទាំងអស់​បន្ត​ថែទាំ​សុខភាព ទោះ​បី​ជា​ប្រមុខ​រាជរដ្ឋាភិបាល បាន​សម្រេច​ឱ្យ​បើក​ប្រទេស​ឡើង​វិញ​ក៏​ដោយ និង​បាន​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ថែរក្សា​សុខភាព​របស់​ខ្លួន​ឱ្យបាន​ល្អ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ពិសេស​ក្នុង​កាលៈទេសៈ​ដែល​កម្ពុជា​មិនទាន់​បាន​បញ្ចប់​ជំងឺ​កូវី​ដ​-១៩​នៅឡើយ​។​

បើ យោង តាម ក្រសួង ធនធាន ទឹក   និង ឧតុនិយម បានឲ្យ ដឹង ថា   អាកាសធាតុ ត្រជាក់ នឹង បន្ត រហូតដល់ ខែ​កុម្ភៈ   ឆ្នាំ   ២ ០ ២ ២  ហើយ​អាកាសធាតុ ត្រជាក់ ត្រូវ បាន គេ រំពឹង ថា   នឹង ធ្វើ ឱ្យ សីតុណ្ហភាព នៅ តំបន់ នានា ក្នុង ប្រទេស ធ្លាក់ចុះ មក នៅ ត្រឹម   ១ ៥   អង្សា រ សេ ។

​សូម​បញ្ជាក់​ផង​ដែរ​ថា ប្រជាពលរដ្ឋ​ចាស់ជរា​ទាំង ៣៩៨​នាក់ បាន​ទទួល​អំណោយ​មនុស្សធម៌​ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្ដាល ដោយ​ក្នុង​ម្នាក់​ទទួលបាន​៖ ភួយ​១ អាវ​រងា​១ មី ១​កេស ត្រីខ ១​យួរ ជែល​លាងដៃ ១​ដប សាប៊ូ ១​ដុំ និង​ម៉ាស់ ១០​បន្ទះ​។​