​ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការប្រកាស​គាំទ្រ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី នាពេល​អនាគត​។​

​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត គឺជា​យុវជន​ជំនាន់​ថ្មី និង​ជា​ឥស្សរជន​ថ្នាក់ដឹកនាំ​ខ្មែរ​ដ៏​ឆ្នើម​មួយ​រូប​របស់​កម្ពុជា ពោរពេញ​ដោយ​សមត្ថភាព និង​ទេពកោសល្យ​ខ្ពស់ ព្រមទាំង​មាន​គុណធម៌ និង​សីលធម៌​ដ៏​ល្អ ដែល​ទទួលបាន​ការកោតសរសើ​រ​, ការគោរព និង​ការស្រឡាញ់​ពី​សំណាក់​ប្រជាជន​ទូទៅ​, មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ ហើយ​បាន និង​កំពុង​រួមចំណែក​ដឹកនាំ និង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​បេសកកម្ម​ដើម្បី​បុព្វហេតុ​ជាតិ មាតុភូមិ និង​ប្រជាជន​កម្ពុជា​។​

​យើងខ្ញុំ​ទាំងអស់គ្នា​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ពិត​ជា​ឥស្សរជន​ដែល​ស័ក្តិសម​ជា​អនាគត​នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​បន្តវេន​ដឹកនាំ​ការពារ​បូរណភាព​ទឹកដី សុខសន្តិភាព និង​ស្ថិរភាព​សង្គម​, ការលើកកម្ពស់​កិត្យានុភាព​ជាតិ និង​ការអភិវឌ្ឍ​ជាតិ​ឱ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​លើ​គ្រប់​វិស័យ ដើម្បី​វិបុលភាព សេចក្តីសុខ និង​សុភមង្គល​របស់​ប្រជាជន​កម្ពុជា​៕