(​កំពង់ចាម​)៖ ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​គម្រោង​សាងសង់​វិមានឯករាជ្យ​ខេត្ត​កំពង់ចាម នា​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០២១​នេះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បានបញ្ជាក់​ថា វិមានឯករាជ្យ​ខេត្ត​កំពង់ចាម​គ្រោង និង​ចាប់​ដំណើរការ​សាងសង់​នា​ថ្ងៃ​ទី​០៦​ខែ​ធ្នូ​ឆ្នាំ​២០២១ នឹង​ត្រូវ​សាងសង់​ឲ្យ​រួចរាល់​ជា​ស្ថាពរ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ជា​កំហិត​។​

​គួរ​រំលឹក​ផងដែរ​ថា ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​រៀបចំ​សាងសង់​វិមាន​ឯករាជ្យ​ខេត្ត​នេះ​ដើម្បី​រំឭក​ដល់​ថ្ងៃ​អនុស្សាវរីយ៍​៩​វិច្ឆិកា ដែល​ជា​ថ្ងៃ​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ និង​ថ្ងៃកំណើត​នៃ​កងយោធពល​ខេមរភូមិន្ទ ដោយ​បាន​ជ្រើសរើស​យក​ទីតាំង​សាងសង់​នៅ​ភូមិ​ទី​៦​សង្កាត់​វាលវង់​ក្រុង​កំពង់ចាម​។​

​ម្យ៉ាងទៀត ឯកឧត្តម​អភិបាលខេត្ត​មានបំណង​ទុកជា​សម្បត្តិ​វប្បធម៌​ទេសចរណ៍​គឺ សំដៅ​ទៅលើ​ទីក្រុង​ស្អាត និង​ប្រវត្តិសាស្ត្រ​សំដៅ​ទៅលើ​ខួបកំណើត​នៃ​កងយោធពល​ខេមរភូមិន្ទ​ដែល​ជា​ស្នា​ព្រះហស្ដ​របស់​ព្រះរ​ម​រតន​កោដ្ឋ​ព្រះបាទ​នរោត្ដម​សីហនុ​ដែល​ព្រះអង្គ​បាន​ដណ្ដើម​ឯករាជ្យ​បាន​ពី​អាណានិគម​បារាំង​នៅ​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣៕
​ប្រភព​៖ រដ្ឋបាល​ខេត្ត​កំពង់ចាម​