នៅ​ព្រឹក​ថ្ងៃ​ពុធ ១៣​កើត ខែ​កត្តិក ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២១ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល និង​ប្រជាជន​ចិន​ចំនួន ២​លាន​ដូស​បន្ថែមទៀត ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ដែល​កម្មវិធី​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។

​នៅក្នុង​ឱកាស​នោះ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា ឯកឧត្តម វ៉ាង វិន​ធាន (Wang Wentian) បាន​អបអរសាទរ​ចំពោះ​កម្ពុជា​ដែល​សម្រេច​បាន​ភាពជោគជ័យ​ក្នុង​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ ដល់​ប្រជាពលរដ្ឋ​កម្ពុជា​។ ជាមួយគ្នា​នោះ​ដែរ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​អះអាង​ក្នុងនាម​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​យ៉ាង​ដូច្នេះ​ថា ដរាបណា​ប្រទេស​កម្ពុជា​មិនទាន់​អស់​មេរោគ និង​ជំងឺ​កូវី​ដ​-១៩​ទេនោះ រដ្ឋាភិបាល​ចិន​ក៏​មិន​បញ្ឈប់​ការផ្គត់ផ្គង់​ជំនួយ​វ៉ាក់សាំង​បង្ការ​មេ​រោគកូ​វីដ​-១៩​ជូន​មក​កម្ពុជា​ដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ប្រជាជន និង​រដ្ឋាភិបាល​ចិន ដែល​បាន​ផ្តល់​វ៉ាកសាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ (Sinovac) ចំនួន​២​លាន​ដូស​នៅពេលនេះ​។ ក្នុង​រយៈពេល​ជិត​២​ឆ្នាំ​មកនេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​ការចាក់​វ៉ាក់សាំង​ជា​វិធានការ​គន្លឹះ បន្ថែម​លើ​វិធានការ​សំខាន់ៗ​ដទៃទៀត ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ការពារ​សុខភាព​សាធារណៈ និង​ជួយ​សង្គ្រោះ​អាយុជីវិត​ប្រជាជន​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ទៀត​ថា គិត​ត្រឹម​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ មិត្ត​ចិន​បាន​ផ្តល់​ជំនួយ និង​សម្របសម្រួល​ក្នុង​ការបញ្ជា​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ សរុប​ចំនួន ៣៦,៨០០,០០០​ដូស ដោយ​ក្នុង​នោះ​កម្ពុជា​ទទួលបាន​វ៉ាក់សាំង​ជំនួយ ៨​លាន ៣​សែន​ដូស​។ ជំនួយ​វ៉ាក់សាំង​បន្ថែម​២​លាន​ដូល​នៅ​ថ្ងៃនេះ នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ ជូន​ដល់​ប្រជាពលរដ្ឋ​ទូទៅ ចាប់ពី​អាយុ​១៨​ឆ្នាំ​ឡើង​ទៅ និង​ចាក់​វ៉ាក់សាំង​ដូ​សមូលដ្ឋាន​ជូន​ដល់កុ​មារ​អាយុ​៥​ឆ្នាំ ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស​។

​នៅ​ថ្ងៃ​នេះ​ផង​ដែរ សម្ដេច​តេ​ជោបាន​ស្នើតាម​រយៈ​ឯកអគ្គរដ្ឋទូត​ចិន​នៅ​កម្ពុជា ទៅកាន់​ឯកឧត្តម ស៊ី ជិន​ពីង ប្រធានាធិបតី​ចិន និង​នាយករដ្ឋមន្ត្រី​ចិន ដើម្បី​ជំរុញ​ឱ្យមាន​រោងចក្រ​សម្រាប់​ផលិត​វ៉ាក់សាំង​ចិន​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ​នៅពេល​ខាងមុខ​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​បញ្ជាក់​ថា ធ្វើ​ដូច្នេះ​កម្ពុជា​មាន​លទ្ធភាព​ដើម្បី​ទិញ​វ៉ាក់សាំង​ដែល​ផលិត​នៅក្នុង​រោងចក្រ​ដែល​ផលិត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ចាក់​នៅ​ក្នុង​ប្រទេស​ខ្លួនឯង​ផង ហើយ​កម្ពុជា​ក៏​មាន​លទ្ធភាព​ដើម្បី​ចែកចាយ​វ៉ាក់សាំង​នេះ​ទៅ​កាន់​ប្រទេស​ដទៃ តាមរយៈ​នៃ​ការបញ្ជា​ទិញ​របស់​ប្រទេស​ដទៃ​ផងដែរ​។ សម្ដេច​តេជោ​សង្ឃឹមថា ឯកអគ្គរដ្ឋទូត​ចិន នឹង​បញ្ជូន​សំណើ​របស់​សម្តេច​ទៅ​កាន់ ឯកឧត្តម​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង និង ឯកឧត្តម​នាយករដ្ឋមន្ត្រី លី ខឺ​ឈាង ក៏​ដូចជា​ផ្នែក​ពាក់ព័ន្ធ​ដទៃ​ទៀត​ឱ្យបាន​ឆាប់រហ័ស ដើម្បី​បើក​ឱ្យ​មាន​ការផលិត​វ៉ាក់សាំង នៅក្នុង​ប្រទេស​កម្ពុជា​។

​សម្ដេច​តេជោ ហ៊ុន សែន ក៏​បន្ត​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ សូម​ប្រញាប់​បន្តទៅ​ចាក់​វ៉ាក់សាំង​អោយ​គ្រប់​ចំនួនដូស​ទាំងអស់គ្នា និង​បាន​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ឲ្យ​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន ជៀសផុត​ពី​ជម្ងឺ​កូវី​ដ​-១៩ ទាំងអស់គ្នា​៕