នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​៨ ខែ វិច្ឆិកា ឆ្នាំ ២០២១ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​លោក​ជំទាវ ម៉ា​រី​ស ផេន (Marise Payne) រដ្ឋមន្ត្រីការបរទេស និង​ជា​រដ្ឋមន្ត្រី​កិច្ចការនារី នៃ​ប្រទេស​អូស្ត្រាលី ។

​នៅក្នុង​ជំនួប​នោះ ម៉ា​រី​ស ផេន (Marise Payne) បាន​គោរព​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើរ​សួរសុខទុក្ខ ពី​ឯកឧត្តម​នាយករដ្ឋមន្ត្រី​អូស្ត្រាលី គោរព​ជូន​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ហើយ​លោកជំទាវ​បាន​ជម្រាបជូន​ថា លោកជំទាវ​បាន​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន​២​លើក​កន្លងមកហើយ ដែល​លើក​ទី​១ គឺ​នៅក្នុង​ឆ្នាំ​២០០២ និង​លើក​ទី​២​នៅក្នុង​ឆ្នាំ​២០០៥ ។ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោកជំទាវ​មក​កាន់​កម្ពុជា​នៅពេលនេះ លោកជំទាវ​បាន​សង្កេតឃើញថា កម្ពុជា​មាន​ការអភិវឌ្ឍ​ន៍​យ៉ាងខ្លាំង លោកជំទាវ​បាន​សម្ដែង​នូវ​ការអបអរសាទរ​ជូន​ដល់​សម្ដេច​តេជោ​។ ជាមួយគ្នា​នោះ​ផង​ដែរ​លោកជំទាវ​ក៏​បាន​គោរព​វាយតម្លៃ​ខ្ពស់​ចំពោះ វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ការចាក់​ស្រោច​វ៉ាក់សាំង​ជូន​ដល់​ប្រជាពលរដ្ឋ និង​ការចាប់ផ្ដើម​ឲ្យ​សិស្ស​ចូលរៀន​វិញ និង​បើក​ប្រទេស​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាម​បែប​កន្លង​ថ្មី​។

​លោកជំទាវ​ក៏​បាន​សម្ដែង​នូវ​ក្តីរីករាយ នូវ​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ទាំង​ក្នុង​ក្របខណ្ឌ​ទ្វេភាគី ទាំង​ក្នុង​ក្រប​ខណ្ឌ​ពហុភាគី​។ ក្នុង​ក្របខណ្ឌ​ទ្វេភាគី លោកជំទាវ​បាន​សម្ដែង​នូវ​ក្តីរីករាយ​ចំពោះ​ផ្លែផ្កា​ដែល​ទទួលបាន​ពី​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម វិស័យ​យោធា វិស័យ​អប់រំ និង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ ។ លោកជំទាវ​បាន​គោរព​ជម្រាប​ជូន​សម្ដេច​តេ​ជោថា រដ្ឋាភិបាល​អូស្ត្រាលី​បានសម្រេច​ផ្ដល់ជូន​កម្ពុជា​នៅ​វ៉ាក់​ចាក់សាំង​ប្រឆាំង​កូវី​ដ​-១៩ ចំនួន​៣​លាន​២​សែន​៥​ម៉ឺន​ដូសដែល​ក្នុង​នោះ​ចំនួន​១​លាន​ដូស នឹង​ត្រូវ​ប្រគល់​ជូន​កម្ពុជា​មុន​បំណាច់​ឆ្នាំ​នេះ ។ ក្នុង​ក្របខណ្ឌ​ពហុភាគី​លោកជំទាវ​បាន​សម្ដែង​នូវ​អំណរ​សាទរ​ចំពោះ​កម្ពុជា​ដែល​បាន​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អាស៊ាន ហើយ​លោកជំទាវ​ពិតជា​រីករាយ​យ៉ាងខ្លាំង​ចំពោះ​កិច្ចសហប្រតិបត្តិកា​ររ​វាង​អាស៊ាន និង​អូស្ត្រាលី ហើយ​លោកជំទាវ​ក៏​បាន​ជម្រាបជូន​សម្តេច​តេ​ជោថា អូស្ត្រាលី​នឹង​ជួយ​ដល់​កម្ពុជា​ធ្វើយ៉ាងណា​ឱ្យ​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ឲ្យទទួល​បាន​នូវ​ភាពជោគជ័យ​។
​ឆ្លៀត​នៅក្នុង​ឱកាស​នោះ​ផង​ដែរ​លោកជំទាវ ក៏​បាន​ជម្រាបជូន​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ដោយ​សង្ខេប​អំពី​មេត្រីភាព​រវាង​អូស្ត្រាលី ចក្រភព​អង់គ្លេស និង​សហរដ្ឋអាមេរិក ដែល​ហៅថា AUKUS​។​

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បាន​ឯកភាព​ចំពោះ​ការវាយតម្លៃ​របស់​លោក​ជំទាវ ម៉ា​រី​ស ផេន (Marise Payne) អំពី​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​អូស្ត្រាលី ទាំង​ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី និង​ពហុភាគី ។ សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍ថា អូស្ត្រាលី បាន​ជួយ​កម្ពុជា​ច្រើន ជាពិសេស​លើ​វិស័យ​កសិកម្ម តាមរយៈ​ការបង្កើត​វិទ្យាស្ថាន​ស្រាវជ្រាវ បង្កាត់​ពូជស្រូវ ដែល​ហៅ​កាត់​ថា Cadi លើ​វិស័យ​យោធា លើ​វិស័យ​អប់រំ តាមរយៈ​ការបើក​សាលា​ភាសា​នៅ​កម្ពុជា និង​ការបើក​ឲ្យ​សិស្ស​កម្ពុជា​ទៅ​រៀន​នៅ​ប្រទេស​អូស្ត្រាលី លើ​វិស័យ​សុខាភិបាល តាមរយៈ​ការផ្ដល់​ជំនួយ​វ៉ាក់សាំង​ដល់​កម្ពុជា ហើយ​សម្ដេច​បាន​ថ្លែងអំណរគុណ​ចំពោះ​អូស្ត្រាលី​ដែល​នឹង​ផ្ដល់​អំណោយ​វ៉ាក់សាំង​កូវី​ដ​-១៩ នៅពេល​ខាងមុខ​ដល់​កម្ពុជា​។ សម្ដេច​បាន​មានប្រសាសន៍​បន្ត​ថា សម្ដេច​មាន​សុទិដ្ឋិនិយម ក្នុង​ការបើក​ប្រទេស​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តាម​គន្លងថ្មី ។

​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា សម្ដេច​សង្ឃឹមថា​អូស្ត្រាលី​នឹង​ចូលរួម​ជាមួយ​បណ្ដា​ប្រទេស​អាស៊ាន ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវី​ដ​-១៩ ដើម្បី​ឈាន​ឆ្ពោះ​ទៅកាន់​ការតភ្ជាប់​អាស៊ាន​ឡើងវិញ បន្ទាប់​ពី​មានការ​កាត់ផ្ដាច់​ដោយកូវី​ត​-១៩ ។ ជាទី​បញ្ចប់ សម្ដេច​តេជោ បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​ជំទាវ ម៉ា​រី​ស ផេន (Marise Payne) ដែល​បាន​ចែករំលែក​ព័ត៌មាន​ពាក់ព័ន្ធ AUKUS និង​ជូនពរ​លោក​ជំទាវ​ឱ្យ​ទទួលបាន​នូវ​ភាពជោគជ័យ​ជា​បន្តបន្ទាប់​ទៀត​៕