​ខេត្ត​កណ្តាល ៖​រសៀល​ថ្ងៃ​ចន្ទ ១៤​កើត ខែ​ភ​ទ្រ​ទ​ប ឆ្នាំ​ឆ្លូវ ត្រី​សក័ ពុទ្ធ​សករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២១ ។​

​ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​អញ្ជើញ​ចុះ​ដោះស្រាយ ករណី​ការឃាត់​សួរ ការដឹកជញ្ជូន​ការ​សាច់សត្វ​ពពែ ដោយ​គ្មាន​លិខិត​អនុញ្ញាតិ​របស់ បងប្អូន​ខ្មែរ​ឥស្លាម​ចំនួន​២៥​គ្រួសារ នៅ​ចំណុច​ភូមិ​ព្រែក​តា​ព្រហ្ម ឃុំ​កំពង់​អុស ស្រុក​ពញា​ឭ ខេត្ត​កណ្តាល នៅ​សាលា​ស្រុក​ព​ញ៉ាឮ ។​

​ឯកឧត្ដម បានអោយដឹង​ថា​ជា​ទូទៅ​ការកាប់​សាច់​ជា​លក្ខណៈ​គ្រួសារ​ដើម្បី​ធ្វើ​ជា​ម្ហូបអាហារ គឺ​មិន​មាន​ការ ហាមឃាត់​ឃាំង​នោះទេ ប៉ុន្តែ​ករណី​នេះ ជា​ការកាប់​សត្វ​លក់​ជា​លក្ខណៈ​អាជីវកម្ម ការធ្វើ​អាជីវកម្ម​លក់ដូរ និង​កាប់សាច់​ធ្វើ​ម្ហូបអាហារ​ហូប​ជា​លក្ខណៈ​គ្រួសារ គឺ​ខុស​គ្នា ។​

​ការសម្របសម្រួល​ដោះស្រាយ​បាន​សំណូមពរ ដល់​ម្ចាស់​សត្តឃាតដ្ឋាន​យក​កម្រៃ​សេវា តម្លៃ ៤,០០០​រៀល​ក្នុង​០១​ក្បាល ដោយ​មាន​អុស ខ្ទះ និង​ប្រកបដោយ​អនាម័យ​ត្រឹមត្រូវ ។​

​ក្រោយ​ការសម្របសម្រួល​ម្ចាស់​សត្តឃាតដ្ឋាន​បាន​យល់ព្រម​ឯកភាព​យក​តម្លៃ ៤,០០០​រៀល ក្នុងការ​សំឡេះ​សត្វ​ពពែ ០១​ក្បាល ដោយ​មាន​អុស ប្រកបដោយ​អនាម័យ​ត្រឹមត្រូវ ក្នុង​រយៈពេល​០១​ឆ្នាំ​តំបូង និង​សុំ​ឡើង​តម្លៃ ៥,០០០​រៀល ក្នុង​០១​ក្បាល នៅ​ឆ្នាំ​ទី​២ ទី​៣ និង​ស្នើសុំ​លើកលែង​តម្លៃ​សេវាកម្ម​ត្រួតពិនិត្យ​អនាម័យ​សាច់ តាមរយៈ​រដ្ឋបាល​ខេត្ត​កណ្តាល ។​

​ចំពោះ​សំណូមពរ​របស់​ម្ចាស់​សត្តឃាតដ្ឋាន និង​ប្រជាពលរដ្ឋ​ជា​អាជីវករ លើ​បញ្ហា​នេះ ឯកឧត្តម​នឹង​ធ្វើ​របាយការណ៍​ជូន ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​គោរព​ស្នើ​សុំ​គោលការណ៍​សំរេច​ដ៏​ខ្ពង់ខ្ពស់​ពី សម្តេច​តេជោ នាយករដ្ឋមន្ត្រី ដើម្បី​ពិចារណា​លើ​ការលើកលែង​ចំពោះ​សំណូមពរ​ខាងលើ ជូន​បងប្អូន​ប្រជាពលរដ្ឋ​។​