នា​ព្រឹក​ថ្ងៃអាទិត្យ ៣​កើត ខែ​ពិសាខ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០២០ នេះ ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន និង​លោក ជំទាវ មិថុនា ភូថ​ង អភិបាល​នៃ​គណ​អភិបាលខេត្ត ឯកឧត្ដម អ៊ុង សំអាត រដ្ឋលេខាធិការ ឯកឧត្តម កែវ អូ​ម៉ាលី​ស្ស ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទ​ទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ​ ឯកឧត្តម អេង ជា​សាន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទ​ទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល និង​សហការី​បាន​អញ្ជើញ​មក​ពិនិត្យ និង​វាយតម្លៃ​អំពី​វឌ្ឍនភាព​នៃ​ការអភិវឌ្ឍ​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​និង​កែច្នៃ​កសិផល​សម្រាប់​នាំ​ចេញ​របស់​ក្រុម Greenrich group Co., Ltd លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន ៦០ ២០០​ហ​ត ក្នុង​ឆ្នាំ​១៩៩៨ ដែល​មាន​ទីតាំង​ស្ថិតនៅ​តំបន់ទ្រនាប់​ឧទ្យាន​ជាតិបុ​ទុម​សាគរ ក្នុងស្រុក​កោះកុង​។

​លោក រតនា តំណាង​ឱ្យ​ក្រុមហ៊ុន បាន​រាយ​បាយ​ការណ៍​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ជ្រាបថា​ក្រុម ហ៊ុន Greenrich group ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន ASIA PULP & PAPER (APP) ដែលជា​ក្រុមហ៊ុន​ផលិត​ក្រដាស​លំដាប់​លេខ​១ នៅ​អាស៊ី និង ១ ក្នុងចំណោម ១០​ក្រុម ហ៊ុន​ដែល​ផលិត​ក្រដាស​ធំ​ជាង​គេ​លើ​ពិភពលោក​។ ក្រុមហ៊ុន​បាន​ចាប់ផ្តើម​អនុវត្ត​គម្រោង​អភិវឌ្ឍ​ឧស្សាហកម្ម​ឈើ​ដាំ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន ១០ ០៧៧​ហ​ត ក្នុងស្រុក​ត្រពាំងរូង ខេត្ត កោះកុង ក្នុង​ឆន្ទ​:​គឺ “​ដាំ​ដើមឈើ​ផ្តល់​ប្រយោជន៍​ដល់​បរិស្ថាន ផលិត​ក្រដាស​ផ្តល់​ប្រយោជន៍​ដល់​មនុស្ស​លោក​”​។ គិត​ចាប់ពី​ឆ្នាំ ២០០៧ ដល់​ឆ្នាំ ២០១៥ ធ្វើ​ការដាំដុះ​បាន ៥៨៧៧​ហ​ត ទទួល​បាន​ទិន្នផល ១៣៨​តោន​/​ហ​ត សរុប​រួម​បរិមាណ​ឈើ ៨០​ម៉ឺន​តោន​។

​កន្លងមក​ក្រុមហ៊ុន បាន​នាំ​ចេញ​ចំណិត​ឈើ​សរុប​ជាង ១១​ម៉ឺន​តោន (​ឈើ​របស់​ក្រុមហ៊ុន និង​ឈើ​ប្រមូល​ទិញ​ពី​ចំការ​ឯកជន​)​។ ក្នុងអំឡុង​ប្រតិបត្តិការ ក្រុមហ៊ុន​ត្រូវការ​ពលកម្ម​ចំនួន ២៥០០​នាក់​។ ក្រុមហ៊ុន​បាន​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ សាលារៀន និង​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​សម្រាប់​បុគ្គលិក កម្មករ ក្នុង​ក្រុមហ៊ុន​ទាំងមូល​។ ក្រៅ​ពី​សមិទ្ធផល​ដែល​សម្រេចបាន ក្រុមហ៊ុន​កំពុង​ប្រឈម​បញ្ហា​មួយចំនួន​ដូច​ជា​ការកាប់​ទន្ទ្រាន​ដី​យក​ជា​កម្មសិទ្ធិ និង​ការធ្វើ​ផ្លូវ​កាត់​ដី​ក្រុមហ៊ុន​។​

​ទិសដៅ​អនាគត ក្រុមហ៊ុន​នឹង​ធ្វើ​ការសហការ​ជាមួយ​ក្រសួង​បរិស្ថាន​ដើម្បី​ធ្វើ​ការវាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន និង​សង្គម​ពេញលេញ សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​ដើម្បី​ធ្វើការ​ចុះបញ្ជី​ដី​រដ្ឋ ចាប់ផ្តើម​ប្រមូល​ផល​ឈើ និង​ដាំ​ដុះ​ឡើងវិញ ដើម្បី​ផ្តល់​ប្រយោជន៍​សម្រាប់​សង្គម បរិស្ថាន និង​សេដ្ឋកិច្ច និង​ជា​ពិសេស​សហ ការ​ជាមួយ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្នុង​ការរៀបចំ​ផែនការ​ដាំ​ឈើ​ក្នុង​ឆ្នាំ​២០២០ នេះ​។

​ឆ្លៀត​យក​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី និង​លោកជំទាវ​បាន​ធ្វើការ​សំណេះសំណាល​ជាមួយ​កម្មករ​ចំនួន ១០០​នាក់ ដោយ​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត និង​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​មក​ជូន​បងប្អូន​កម្មករ និង​បាន​ជូនពរ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់ៗ​ក្រុមគ្រួសារ​ដែល​បម្រើកា​រ​ឱ្យ​ក្រុមហ៊ុន និង​នៅក្នុង​ស្រុក​បុ​ទុម​សាគរ​ឱ្យ​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន សុភមង្គល​ក្នុង​ក្រុមគ្រួសារ និង​មាន​សុខភាព​ល្អ ចៀស​ឱ្យ​ឆ្ងាយ​ពី​ជំងឺឆ្លង​សកល​កូវី​ដ​-១៩ ល្អ​គ្រប់ៗ​គ្នា​។ បន្ទាប់មក ឯកឧត្តម​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដែល​ក្រុមហ៊ុន​សម្រេចបាន​រួមមាន​ការដាំ និង​ប្រមូល​ផល​ក្នុង​ក្រុមហ៊ុន និង​ពី​ដៃគូ​ដាំ និង​ជា​ពិសេស​បាន​នាំចេញ​ចំណិត​ឈើ​។ ដើមឈើ​អាកាស្យា​មាន​ការលូតលាស់​ធំៗ​ល្អ និង​ផ្តល់​ផល​ជា​បណ្តើរៗ​សម្រាប់​សេដ្ឋកិច្ច ហើយ​នេះ​គឺជា​ឆន្ទ​:​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​ក្នុងការ ដាំ​ឈើ​ឧស្សាហកម្ម​ប្រយោជន៍​បង្កើត​គម្រប​ព្រៃឈើ រក្សា​លំនឹង​បរិស្ថាន ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច សង្គម តាមរយ​:​ធ្វើការ​ផ្គត់​ឈើ​ស្រស់​ជា​វត្ថុធាតុដើម​ឱ្យទៅ​រោងចក្រ​កែច្នៃ​គ្រឿង​សង្ហារឹម និង​វិស័យ​សំណង​។

​ដោយសារ​ឈើ​ដាំ​ផ្តល់​ប្រយោជន៍​យ៉ាងច្រើន​បែបនេះ ឯកឧត្តម​រដ្ឋមន្ត្រី និង​លោកជំទាវ​អភិបាលខេត្ត​បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដោយ​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ មន្ទីរ​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ​ខេត្ត ដើម្បី​ពន្លឿ​នសកម្មភាព​ប្រមូលផ​ល កែច្នៃ និង​ធ្វើ​ការដាំដុះ​លើ​ដី​ដែល​នៅ​សេសសល់​ឱ្យ​គ្រប់​តាម​ផែនការ​ដែល​បាន​គ្រោងទុក​។ ក្រសួង​នឹង​រង់ចាំ​ផ្តល់​កិច្ច​សហការ​ជាមួយ​ក្រុមហ៊ុន ក្នុង​បំណង​ជួយ​លើកទឹកចិត្ត និង​គាំទ្រ​លើ​ការវិនិយោគ​របស់​ក្រុមហ៊ុន ប្រយោជន៍​ដើម្បី​លើកកម្ពស់​សមត្ថភាព​ផ្គត់ផ្គង់​ផលិតផល​ឈើ​ដាំ​ឧស្សាហកម្ម​លើ​ទីផ្សារ​ក្នុង និង​ក្រៅប្រទេស ធ្វើ​ការប្រកួតប្រជែង ជំរុញ​ការប្រើប្រាស់​ផលិត ផល​ឈើ​ដាំ កាត់បន្ថយ​ការប្រើប្រាស់​ឈើ​ធម្មជាតិ និង​ជា​ពិសេស​បង្កើត និង​រក្សាបាន​នូវ​គម្រប​ព្រៃឈើ បង្កើត​ការងារ បង្កើន​ចំណូល រក្សា​បរិស្ថាន​ក្នុង​តំបន់​នេះ និង​និរន្តរភាព​សេដ្ឋកិច្ចជាតិ​។ លោក​បាន​ស្នើ​ឱ្យ​ក្រុម ហ៊ុន​យកចិត្តទុកដាក់​អំពី​សុខភាព ជីវភាព​ប្រចាំថ្ងៃ និង​ចំណូល​គ្រួសារ​របស់​កម្មករ ដោយ​បង្កើត​របរ​កសិកម្ម​បន្ថែម​ដូចជា​ចិញ្ចឹមសត្វ និង​ដាំ​បន្លែ​ដើម្បី​ផ្គត់​ផ្គង​ជីវភាព​។

​ក្រុមហ៊ុន​ត្រូវ​សហការ​ឱ្យបាន​ពេញលេញ​ជា​មួយ​រដ្ឋបាល​ព្រៃឈើ មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ការពារ​ដីព្រៃ និង​ទប់ស្កាត់​ការរំលោភ​យក​ដី​ធ្វើជា​កម្មសិទ្ធិ ៕