ខេត្ត​កណ្តាល​៖ ដោយ​មាន​ការបញ្ជា​ដឹកនាំ​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្ដាល ក្រុមការងារ​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​មាន​កិត្តិយស​សូម​ធ្វើ​ការឆ្លើយតប​ទៅនឹង​ប្រជាពលរដ្ឋ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​រាយការណ៍​ចូល​ក្នុងផេក​ស្នងការដ្ឋាន​នគរបា​ល​ខេត្តកណ្ដាល មាន​ខ្លឹមសារ​ថា​៖ «​សូម​គោរព​លោកស្នងការ​ខេត្តកណ្ដាល​ជាទីគោរព មាន​ករណី​លេងល្បែង​ជល់​មាន់​ប្រមូលផ្ដុំ​គ្នា​លេង​មនុស្ស​ច្រើន​នៅ​ភូមិ​ឫស្សី​ដាច់​ឃុំ​ព្រែក​អំបិល​ស្រុក​ស្អាង​ខេត្ត​កណ្ដាល​» ​។​

​ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម​ក្រុម​ការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​ធ្វើការ​ណែនាំ​ជា​បន្ទាន់​ដល់​លោក​អធិការនគរបាល​ស្រុក​ស្អាងៗ បាន​បញ្ជា​ទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រែក​អំបិល ឲ្យ​ចុះ​ស្រាវជ្រាវ​រក​ករណី​ខាងលើ​ដែល​បងប្អូន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​ ។​

​ជា​លទ្ធផល​នៅ​ថ្ងៃអាទិត្យ ទី​២២ ខែ​សីហា ឆ្នាំ​២០២១ នៅវេលា​ម៉ោង ១២:៥០​នាទី កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រែក​អំបិល ចំនួន​០៤​នាក់ សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​ចំនួន​០២​នាក់​បាន​ចុះ​ទៅ​ដល់​ទីតាំង​លើ​ខ្នង​ស្រះ​មិន​ស្គាល់​ម្ចាស់​ជាប់​សាលារៀន​ឬ​ស្សីដាច់​នៅ​ភូមិ​ឬ​ស្សីដាច់​ឃុំ​ព្រែកអំបិល​ស្រុក​ស្អាង​ខេត្ត​កណ្ដាល ពេល​ទៅ​ជិត​ដល់​ទីតាំង​ប្រហែល​ចម្ងាយ ១៥០​ម៉ែត្រ​ក្រុម​អ្នក​ជល់​មាន់​មាន​គ្នា​ប្រហែល ២០​នាក់​ឃើញ​សមត្ថកិច្ច​ក៏​នាំគ្នា​រត់​អស់​បន្សល់ទុក​វត្ថុតាង​រួមមាន​៖​មាន់​ឈ្មោល​០២​ក្បាល​រស់​០១​ក្បាល ងាប់​០១​ក្បាល និង​ស្បែកជើង​០២​រ​គូ​កន្ត្រក​សម្រាប់​ដាក់​មាន់​ចំនួន​០៣ និង​ស្កុត​រុំ​ខ្នាយ​មាន់​មួយចំនួន​ ​។​

​វត្ថុតាង​ខាងលើ​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រែក​អំបិល​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​ ។​
​ចំពោះ​ជនសង្ស័យ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​។​