​ទីតាំង​ល្បែងស៊ីសង​ដុះ​ស្លែ​ខុសច្បាប់ «​មាន់​ជល់​ហាយ​ឡាយ​» ស្ថិតនៅ​ភូមិ​ដំណាក់​ត្រ​យឹង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ នៅ​បន្ត​ប្រមូលផ្តុំ​គ្នា​លេង​ល្បែង​ភ្នាល់​បាន​ដោយ​រលូន ដោយ​មាន​ការចូលរួម​សហការ​ឯកភាព ជាមួយ​លោក សាន ប៉ែត នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលស​ង្កា​ត់​ចោមចៅ​ទី​២ ។ នេះ​បើ​យោង​តាម​ការអះអាង​ពី​ម្ចាស់​ទីតាំង ដែល​បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន នៅ​ថ្ងៃ​ទី​១៧​សីហា​នេះ​។​

​ម្ចាស់​ទីតាំង​បង្កើត​បន​ល្បែង​ខាងលើ​បាន​បញ្ជាក់ថា​៖ «​មូលហេតុ​ដែល​ខ្លួន​បើក​បន​ល្បែងស៊ីសង​បាន​ដោយ​រលូន ព្រោះ​មាន​ការសហការ និង​បង់លុយ ឲ្យទៅ​លោក សាន ប៉ែត នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលស​ង្កា​ត់​ចោមចៅ​ទី​២»​។​

​ចំណែកឯ​លោក សាន ប៉ែត នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ចោមចៅ​២ បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​យើង​ថា​៖ «​លោក​មិន​បាន​យក​លុយ​ពី​កន្លែង​ល្បែងស៊ីសង ដូច​ការចោទប្រកាន់​ពី​ម្ចាស់​ទីតាំង​ខាងលើ​នោះ​ឡើយ​»​។ ការឆ្លើយ​បដិសេធ​របស់​លោក សាន ប៉ែត បាន​ធ្វើឲ្យ​មហាជន​ជាច្រើន​បាន​ពោល​ពាក្យ​ថា​៖ «​បើ​លោក​នាយប៉ុស្តិ៍​មិន​សហការ​បើកដៃ​ឲ្យ​ម្ចាស់​ទីតាំង ហេតុអ្វី​..? ទីតាំង​ល្បែងស៊ីសង​ខាងលើនេះ​នៅតែ​បន្ត​បើក​ដំណើរការ​បាន​ដោយ​រលូន ម្យ៉ាងវិញទៀត​ម្ចាស់​ទីតាំង​នោះ​ហ៊ាន​និយាយ​ចំៗ ដោយ​មិន​ខ្លាច​ច្បាប់​»​។​

​រីឯ​លោក ម៉ន វុធី អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ថា លោក​នឹង​ស៊ើបសួរ​ករណីនេះ ហើយ​លោក​នឹង​ធ្វើ​តាម​ច្បាប់​វិន័យ​ចំពោះ​មន្ត្រី​នគរបាល​ណា​ប្រព្រឹត្ត​ខុសច្បាប់​។​

​ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​មហាជន​ជាច្រើន​សុំ​សំណូមពរ​ដល់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក ម៉ន វុធី អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ សូមមេត្តា​បើក​ការស៊ើបអង្កេត​លើ​ករណី​ខាងលើ​នេះ​ផង​ទាន ជៀសវាង​ម្ចាស់​ទីតាំង​ល្បែងស៊ីសង និង​លោក សាន ប៉ែត នាយ​ប៉ុស្តិ៍​នគរបាល​ចោមចៅ​២ ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត​៕

​ជុំវិញ​ទៅ​និង​ការចុះផ្សាយ​ខាងលើ​នេះ​អង្គភាព​សារព័ត៌មាន​យើង​នឹង​រង់ចាំ​ការបំភ្លឺ​បន្ថែម​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​រៀង​រាល់​ម៉ោង​ធ្វើការ ៕